ភ្នំពេញ៖ លោកបណ្ឌិត Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) បានថ្លែងប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ប្រតិភូធុរកិច្ចមកពី២០សមាគម ចាប់អារម្មណ៍ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ រួមមាន៖ អប់រំ, សុខាភិបាល, សហគ្រាសធុនតូច និងមធ្យម (SMEs), ការកែច្នៃផលិតផលកសិកម្ម, សំណង់ និងអចលនទ្រព្យជាដើម ។

ការលើកឡើងរបស់ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ធ្វើឡើងក្នុងឱកាសទទួលបានការអនុញ្ញាត ឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ នៅវិមានសន្ដិភាព ។


ក្នុងជំនួបនេះ លោកបណ្ឌិត Dato’ Sri Dr. Ricky Yaw បានគោរពជម្រាបជូនសម្ដេចធិបតី អំពីសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ដែលត្រូវបានបង្កើតឡើង ជាវេទិកាផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹងភាពជាដៃគូ រវាងធុរជន-វិនិយោគិន នៃប្រទេសទាំងពីរ ហើយថា ក្នុងឱកាសនេះ លោកបានដឹកនាំគណៈប្រតិភូធុរកិច្ច មកពី២០សមាគម ដែលបានចាប់អារម្មណ៍ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ រួមមាន៖ អប់រំ, សុខាភិបាល, សហគ្រាសធុនតូច និងមធ្យម (SMEs), ការកែច្នៃផលិតផលកសិកម្ម, សំណង់ និងអចលនទ្រព្យជាដើម។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី ជាពិសេសការពង្រីកការតភ្ជាប់ រវាងប្រទេសទាំងពីរ ជាក់ស្តែង, ក្រុមហ៊ុន Cambodia Airways បានចាប់ផ្តើមជើងហោះហើរត្រង់ ភ្នំពេញ-ប៉េណាំង-ភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនានេះ ចំនួន ២ជើង ក្នុងមួយសប្តាហ៍ បន្ថែមលើជើងហោះហើរដែលមានស្រាប់។


សម្តេចធិបតី ក៏បានសម្តែងនូវការរីករាយ និងស្វាគមន៍ចំពោះធុរជន និងវិនិយោគិនម៉ាឡេស៊ី ដែលមានចំណាប់អារម្មណ៍ ក្នុងការស្វែរកឱកាសវិនិយោគនៅកម្ពុជា ដោយសម្ដេច បានគូសរំលេចពីគោលនយោបាយ និងការដាក់ចេញ នូវវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិន ក្នុងនោះរួមមាន ច្បាប់ស្តីពីវិនិយោគ ដែលប្រកបដោយភាពសេរី ជាមួយនឹងការលើកទឹកចិត្តជាច្រើន ជាពិសេសលើវិស័យ SMEs ដែលជាវិស័យគន្លឹះមួយ ក្នុងការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
ទន្ទឹមនឹងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថារាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការនានា ដើម្បីធានានូវភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងតំបន់ និងអន្តរជាតិផងដែរ។
សម្ដេចធិបតី បានលើកទឹកចិត្តឱ្យសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ ពីគោលនយោបាយ និងការលើកទឹកចិត្តនានា ដើម្បីចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា៕
