ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន លើកទឹកចិត្តឱ្យយុវជន បង្កើនទម្លាប់ អានសៀវភៅ ដើម្បីបង្កើនចំណេះដឹង និងជួយឱ្យការ និយាយកាន់តែល្អ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្ស និងយុវជននាំគ្នាប្តូរ និងបង្កើនទម្លាប់មកអានសៀវភៅ ដើម្បីបង្កើន ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនជាប្រចាំ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។

ការអានជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំផ្តល់នូវចំណេះដឹង ជំនាញ ចំណេះដឹងទៅទៅកាន់តែទូលំទូលាយ ការអានជួយឱ្យការ និយាយកាន់តែល្អ ដោយមានឃ្លាមានប្រយោគ មានបែបបទ នៃការនិយាយ និងការប្រើពាក្យពេចន៍បានត្រឹមត្រូវ ទៅតាមកាលៈទេសៈ។

ការលើកទឹកចិត្តរបស់ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងឱកាសអញ្ជើញជាអធិបតីបើកសម្ពោធពិព័រណ៍លក់សៀវភៅ Big Bad Wolf Books បានរៀបចំឡើងក្នុងផ្សាររុងរឿង ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា «ខ្ញុំអាចធ្វើជាសាក្សីរស់មួយថា ការអាន គឺពិតជាបានផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ផ្តល់នូវចំណេះដឹង និងធ្វើឱ្យយើងកាន់តែមានភាពរឹងមាំផ្នែកសមត្ថភាព ជំនាញ និងចំណេះដឹងទូទៅផង។ នៅពេលដែលយើងអានច្រើនគឺយើងនឹងដឹង និងចេះកាន់តែច្រើន»។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបន្តថា មិនតែប៉ុណ្ណោះការអាន គឺអាចជួយដល់ការសរសេរ ត្រូវតាមវេយ្យាការណ៍ ។ ដូច្នេះនៅពេលយើង សរសេរសំណេរ អត្ថន័យលើអត្ថបទអ្វីមួយ គឺអាចយកគន្លឹះអ្វីមួយ និងរៀបប្រើវេយ្យាករណ៍ អ្វីមួយ មកសរសេរអត្ថបទបានយ៉ាងល្អ ហើយដោយសារការអាន អាចជួយដល់ការស្តាប់ របស់យើងដោយមិនច្រឡំអត្ថន័យ។

លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «បើកាលណាយើងអានច្រើន យើងនឹង មានគំនិតច្រើន ហើយយើងក៏អាច បង្រួមទៅលើខ្លឹមសារថាអ្វីដែលជាមូលដ្ឋានយើងចង់ប្រាប់ និងខ្លឹមសារអ្វីល្អ ដែលយើងចង់និយាយ ។ ពីព្រោះថា ការនិយាយជួនកាល មិនប្រាកដទេថាគេស្តាប់ទាំងអស់ទេ ។ អ៊ឹចឹងបើចង់ ឱ្យការនិយាយគេស្តាប់ គឺយើងចាំបាច់ត្រូវ តែជ្រើសរើស នូវពាក្យពេចន៍ ក៏ដូចជាព័ត៌មាន ដែលយើង ត្រូវបញ្ចេញ មិនមែននិយាយហើយ ចង់បញ្ចប់មិនដឹងថា ជាអ្វីនោះទេ»៕

To Top