ព្រះវិហារ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្នើលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិចារណាធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ជនទាំងឡាយណាឃុបឃិត ជាមួយបរទេស បំផ្លាញខ្មែរ។
ការស្នើរបស់ សម្ដេចតេជោ ហ៊ុន សែន បានកើតឡើងចំពេលក្រុមប្រឆាំងជ្រុលនិយមជាជនជាតិខ្មែរមួយក្តាប់តូច រស់នៅបរទេស បាននិងកំពុងវាយប្រហារជាតិឯង ក្នុងចេតនាបំបាក់ទឹកចិត្ត និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ ក្នុងកាលៈទេសៈ កម្ពុជាកំពុងកើតមានជម្លោះព្រំដែនជាមួយថៃ។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារ ចំនួន ៤៦៤នាក់ នៅសាលាខេត្តព្រះវិហារ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ទោះបីអ្នកប្រឆាំង ក៏ជាជនជាតិខ្មែរដែរ ប៉ុន្ដែបើអ្នកប្រឆាំង ហើយបែរជាឃុបឃិត ជាមួយប្រទេស ប្រឆាំងខ្មែរ ក្នុងកាលៈទេសៈវិវាទ ព្រំដែនជាមួយថៃ ដូច្នេះមានតម្រូវការ កែវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ សារជាថ្មីម្ដងទៀត។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំ សូមផ្ដាំផ្ញើទៅ ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌កម្ពុជា សិក្សាអំពីការធ្វើវិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញ ទាក់ទងនឹងការដក សញ្ជាតិពលរដ្ឋកម្ពុជា ណាដែលឃុបឃិតជា មួយបរទេសបំផ្លាញខ្មែរ»។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា យោងតាមរដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន មិនមានចែងពីការដកសញ្ជាតិ ឬមិនអាចនិរទេសពលរដ្ឋខ្មែរខ្លួនឯងបានឡើយ តែបើសិនក្នុងករណី ដែលបុគ្គលនោះបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ ចូលដៃជាមួយបរទេស ដើម្បីបំផ្លាញកម្ពុជា តើគួរមានច្បាប់សម្រាប់ចាត់វិធានការ ចំពោះបុគ្គលនោះដែរឬទេ?៕
