ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ចំពោះពាក្យសម្ដី របស់នាយករដ្ឋមន្ត្រីថៃ លោកស្រីផែថងថាន ស៊ីណាវ៉ាត់ត្រា ដែលបានប្រមាថ លើមេភូមិភាគ២របស់ថៃ ក្នុងកិច្ចសន្ទនាជាមួយសម្តេចនាពេលកន្លងមកនោះ បើនៅកម្ពុជាវិញ គឺមានទោសស្មើនឹងក្បត់ជាតិ ព្រោះមេទ័ពតែងតាំងដោយព្រះមហាក្សត្រ ។
ក្នុងសារជាសំឡេងនូវកិច្ចសន្ទនារវាងសម្តេចតេជោ និងនាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃ១៥ មិថុនា ដែលមានការបែកធ្លាយនោះ លោកស្រី ផែ ថងថាន ស៊ីណាវ៉ាត់ត្រា បាននិយាយមកកាន់សម្តេចដោយពាក្យផ្អែមល្ហែម ក្នុងន័យយកចិត្តសម្តេច ហើយក៏បាននិយាយទៅដល់មេភូមិភាគ២របស់ថៃថា ជាមនុស្សពិបាកនិយាយគ្នា ក្នុងលក្ខណៈប្រមាថមើលងាយផងដែរ ។ ក្នុងនោះនាយករដ្ឋមន្រ្តីថៃ ក៏បានស្នើសម្តេចកុំជឿលើពាក្យ សំដីរបស់មេទ័ពរូបនេះផងដែរ ។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា សម្តេចតេជោមានប្រសាសន៍ថា នាយករដ្ឋមន្រ្តីថៃ បានប្រព្រឹត្តអំពើស្មោកគ្រោកជាខ្លាំងចំពោះជាតិសាសន៍ខ្លួន ដើម្បីគ្រាន់យកចិត្តសម្តេចបែរ ជាលោកស្រីនាយករដ្ឋមន្រ្តី បានជេរប្រមាថមាក់ងាយ ទៅលើមេទាហានខ្លួនឯងទៅវិញ។
សម្តេចតេជោបន្តថា ការប្រមាថមេទ័ពថៃនេះ គឺជាការប្រមាថទៅលើព្រះមហាក្សត្រថៃផងដែរ ព្រោះការតែងតាំងថ្នាក់ឧត្តមសេនីយ៍ទោស គឺមានតែព្រះមហាក្សត្រប៉ុណ្ណោះចេញព្រះរាជក្រឹត្យតែតាំង។
សម្តេចប្រធានព្រឹទ្ធភាពគូសបញ្ជាក់ថា “ដើម្បីតម្រូវចិត្តហ៊ុន សែន លោកជំទាវសុខចិត្តជេរមេទាហានខ្លួនឯង ។ ត្រង់នៅប្រទេសថៃចាត់ទុកយ៉ាងម៉េចមិនដឹងទេ ប៉ុន្តែបើនៅកម្ពុជាគឺទោសក្បត់ជាតិតែម្តង ឃុបឃិតជាមួយបរទេសជេរមេទាហានខ្លួនឯង ។ លោកជំទាវគិតមើលទៅ ខ្ញុំមិនបាននិយាយរឿងមេបញ្ជាការភូមិភាគនោះទេ សូម្បីតែមកដល់ថ្ងៃនេះខ្ញុំអត់ដែលនិយាយ ទើបនិយាយមេបញ្ជាការភូមិភាគ (ម៉ោងហ្នឹង) ខ្ញុំអត់ដែលនិយាយប៉ះពាល់គាត់ទេ (មេភូមិភាគ២ថៃ)”។
សម្តេចតេជោ អះអាងទៀតថា បើតាមជំនួយការរបស់សម្តេច ដែលលោកស្រី នាយករដ្ឋមន្រ្តីថៃ បានប្រាប់នោះគឺថា នៅពេលណា ដែលលោកស្រីពេញលេញ មេបញ្ជាការភូមិភាគ២នេះ អាចមានទោសជាប់ពន្ធគារផងដែរ ។
សម្តេចតេជោមានប្រសាសន៍បន្តថា សម្តេចមិនដែលប្រមាថ ទៅលើមេទ័ពថៃណាមួយនោះទេ ប៉ុន្តែហេតុអ្វីបានជា នាយករដ្ឋមន្រ្តីថៃ ស្រ្តីវ័យក្មេងរូបនេះបន្តុះបង្អាប់ និងប្រមាថមេទ័ពខ្លួនឯងទៅវិញ ៕
