ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កម្ពុជារងគ្រោះ ពីឧក្រិដ្ឋកម្ម អនឡាញ ពីថៃ ខណៈថៃមានជើងហោះហើរ សម្រាប់ប្រព្រឹត្តបទល្មើសនេះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា គ្រាន់តែជាប្រទេសរងគ្រោះ ពីឧក្រិដ្ឋកម្មអនឡាញពីថៃ តែប៉ុណ្ណោះ ខណៈមានតែថៃទេ ដែលមានជើងហោះហើរអន្តរជាតិ សម្រាប់ប្រព្រឹត្តបទល្មើសនេះទេ ។

សម្តេចតេជោ បានប្រសាសន៍ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តព្រះវិហារ នាថ្ងៃទី២៧ មិថុនាថា នាយករដ្ឋមន្រ្ដីថៃ បានបង្វែរស្ថានការណ៍លើរឿងឧក្រិដ្ឋកម្ម អនឡាញខុសច្បាប់ មកកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ហើយមកធ្វើជាបិទច្រកទ្វារព្រំដែន ដើម្បីបង្ក្រាបឧក្រិដ្ឋកម្ម អនឡាញ ខណៈថៃខ្លួនឯងបានបិទ ជាឯកតោភគីតាំងពីថ្ងៃទី៧ ខែមិថុនាមកម៉្លេះ ។

សម្តេចតេជោបន្ថែមថា កម្ពុជា គ្រាន់តែជាជនរងគ្រោះដោយអំពើឆបោកអនឡាញ ដោយសារតែថៃប៉ុណ្ណោះ ពីព្រោះអ្នកឆបោកតាមអនឡាញ ទាំងអស់ ត្រូវបានសម្រួលដោយអាជ្ញាធរថៃ ដោយសារតែកម្ពុជា ឡាវ មីយ៉ាន់ម៉ា មិនមានជើងហោះហើរធំៗ ដែលអាចដឹកអ្នកប្រព្រឹត្ត អំពើទាំងនោះបានដោយផ្ទាល់ទេ ។

សម្តេចតេជោគូសបញ្ជាក់ថា “ហេតុអ្វីបានជាលោកជំទាវ ទម្លាក់បញ្ហានេះ មកឲ្យកម្ពុជា បង្វែរបញ្ហាការឈ្លានពាន មកជាបញ្ហា បិទទល់ដែន ដើម្បីបង្ក្រាបនូវឧក្រិដ្ឋកម្មអនឡាញ ។ លោកជំទាវកុំភ្លេចណា អនឡាញនៅក្នុងព្រំដែន ជាមួយមីយ៉ាន់ម៉ា អ៊ីនធឺណែតនិងភ្លើង គឺចេញពីថៃ។ កម្ពុជាទទួលផលអាក្រក់ពីថៃ ឥឡូវជើងហោះហើរដែលមកពីចម្ងាយៗ កម្ពុជាអត់មានជើងហោះហើរមកពីចម្ងាយនោះទេ ។ គេឆ្លងកាត់និងបែងចែក និងនៅប្រទេសថៃតែម្ដងអ្នកណាទៅធ្វើសកម្មភាពនៅក្នុងប្រទេសថៃ អ្នកណាទៅឡាវ អ្នកណាទៅមីយ៉ាន់ម៉ា អ្នកណាមកកម្ពុជា”។

សម្ដេចតេជោបន្តថា កម្ពុជាបានអត់ធ្មត់ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ បង្រ្កាបបទល្មើសអនឡាញ តែបែរជាភាគីថៃមកដាក់កំហុសកម្ពុជា ទាំងដែលថៃកំពុងពោរពេញទៅដោយឧក្រិដ្ឋកម្មអនឡាញ និងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មនេះ ប៉ុន្ដែលោកស្រីនាយករដ្ឋមន្រ្ដីថៃ ជាមកចោទកម្ពុជា ដែលជាប្រទេសរងគ្រោះ ដោយសារថៃទៅវិញ ៕

To Top