ព័ត៌មានជាតិ

សម្តេចតេជោ ៖ ថៃកុំមកគំរាមកម្ពុជា ក្នុងសម័យតេជោ-ធិបតី

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅភាគីថៃថា កុំមកគំរាមកំហែងកម្ពុជាក្នុងសម័យតេជោ និងសម័យធិបតីឲ្យសោះ គឺមិនអាចទៅរួចនោះទេ ។

ការមានប្រសាសន៍របស់សម្តេចតេជោនេះ ដោយសារភាគីថៃតែងតែផ្ញើសារគំរាកម្ពុជាជាហូរហែរអំពីការកាត់ផ្តាច់ប្រព័ន្ធអគ្គិសនី អ៊ីនធើណេត ប្រេងឥន្ទនៈ និងការបិទច្រកព្រំដែនជាដើម ក្រោយថៃបានបង្កវិវាទព្រំដែនជាមួយកម្ពុជាកាលពីថ្ងៃ២៨ ឧសភា ។

ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា ភាគីថៃមិនអាចគំរាមកម្ពុជាបានទេ ព្រោះកម្ពុជាមិនអាចឲ្យថៃគំរាមបានឡើយពាក់ព័ន្ធនឹងការកាត់ផ្តាច់សេវាមួយចំនួន និងបិទទ្វាព្រំដែន ព្រោះកម្ពុជាមិនធ្វើជាប្រទេសរងគ្រោះឲ្យគេគំរាមនោះ ប៉ុន្តែកម្ពុជាមានឆន្ទះមុតមាំបានកាត់ផ្តាច់សេវាទាំងនេះមុនថៃគំរាមទៅទៀត។

សម្តេចតេជោបន្តថា “អាងអី អាងគំរាម ប៉ុន្តែគំរាមអ្នកណាបាន តែគំរាមកម្ពុជាសម័យនេះ គំរាមអត់បានទេ ។ ពីមុនគេហៅសម័យតេជោ ឥឡូវឃើញគេប្រើពាក្យអី តេជោ-ធិបតី ។ កុំគំរាមណា មិនថាគំរាមផ្លូវអីទេ រាប់ទាំងគំរាមផ្លូវយោធា កុំគំរាមឲ្យសោះ កម្ពុជាមិនអាចទទួលយកការប្រមាថបានទេ”។

សូមបញ្ជាក់ថា កាលពីថ្ងៃ២២ មិថុនា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបញ្ឈប់ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័ន គ្រប់ប្រភេទពីប្រទេសថៃទាំងស្រុងហើយបណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័ន ពីប្រទេសផ្សេងៗ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក៕

To Top