ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានា របស់គម្រោងការកសាងភូមិសន្តិភាព នៅខេត្តប៉ៃលិន

ប៉ៃលិន៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារបស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅខេត្តប៉ៃលិន។

យោងតាមរបាយការណ៍របស់លោក ណម សារឿត តំណាងទីប្រឹក្សាគ្រប់គ្រងគម្រោង បានបញ្ជាក់ថា គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍជនបទចម្រុះ មានរយៈពេលអនុវត្តគម្រោងរយៈពេល ៥ឆ្នាំ (ឆ្នាំ២០២២ ដល់២០២៦) មានទំហំទឹកប្រាក់ប្រមាណ ១០ លានដុល្លាអាមេរិក ដែលជាហិរញ្ញប្បទានឥតសំណងរបស់សាធារណៈរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្រោមកិច្ចសហការ និងសម្របសម្រួលការអនុវត្តដោយក្រសួងអភិវាឌ្ឍន៍ជនបទ។ គម្រោងភូមិសន្តិភាព បាននិងកំពុងអនុវត្តក្នុងភូមិគោលដៅចំនួន ៣០ភូមិ ក្នុងខេត្តគោលដៅចំនួន ៣ រួមមាន៖ ខេត្តបាត់ដំបងចំនួន ៦ភូមិ, ខេត្តបន្ទាយមានជ័យចំនួន ១២ភូមិ និងខេត្តប៉ៃលិនចំនួន ១២ភូមិ។

គិតមកដល់ពេលនេះ គម្រោងបានអនុវត្តដោយសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ដោយឡែក ពិធីសម្ពោធសមិទ្ធនានានាពេលនេះរួមមាន៖ ផ្លូវជនបទចំនួន ៥ ខ្សែ ប្រវែង សរុប ២៨០០ម៉ែត្រ, សំណង់សិល្បការ្យចំនួន ៣កន្លែង, និងទំនប់បង្ហៀរ ចំនួន ៣កន្លែង ប្រវែងសរុប ៩០ម៉ែត្រ ទទឹង ៥ម៉ែត្រ, ស្ថានីយផលិតទឹកផឹកសហគមន៍ ចំនួន ៣កន្លែងដែលមានសមត្ថភាពផលិតទឹកផឹកសរុប ៦០ម៉ែត្រគូប ក្នុង១ថ្ងៃ និងពង្រីកបណ្តាញទុយោមេចែកចាយទឹកសហគមន៍ប្រវែង ២ ៣៥០ម៉ែត្រ ព្រមទាំងសាលាមត្តេយ្យសហគមន៍ ចំនួន ៣ខ្នង បង្គន់អនាម័យ កន្លែងលាងសម្អាតដៃ និងរបងបេតុងប្រវែង ៣៦០ម៉ែត្រ។

លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង ដោយមានផ្លូវថ្នល់ខ្វាត់ខ្វែង មានទឹកស្អាតប្រើប្រាស់ និងអនាម័យកាន់តែល្អប្រសើរ ដែលជាកត្តាធ្វើឱ្យជៀសផុតពីជំងឺឆ្លងផ្សេងៗ ធ្វើឱ្យអាយុសង្ឃឹមរស់ជាមធ្យម របស់ប្រជាជនកាន់តែវែង ដែលជាសេចក្តីប្រាថ្នារបស់មនុស្សគ្រប់ និងចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវឯកភាពជាតិ និងសន្ដិភាពពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្រ្ដី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដឹកនាំបន្តវេនដោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យ “កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០” តាមរយៈការដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល”។ ដើម្បីចូលរួមចំណែកអនុវត្តន៍យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព” ក្នុងគោលបំណងប្រែក្លាយតំបន់ជនបទនៃប្រទេសកម្ពុជា ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍរីកចម្រើនប្រកបបរិយាបន្ន និងមាននិរន្តរភាព តាមរយៈយុទ្ធសាស្ដ្រចំនួន ៥របស់ក្រសួង។

ជាមួយគ្នានោះ លោករដ្ឋមន្រ្ដី បានបញ្ជាក់ជូនអំពីការយកចិត្តទុកដាក់របស់ក្រសួង ក្នុងការអភិវឌ្ឍសហគមន៍ និងចលនាភូមិគំរូ ដែលជាការងារអាទិភាព របស់ក្រសួងសម្រាប់គាំទ្រសកម្មភាពអភិវឌ្ឍន៍សហគមន៍ លើកម្ពស់គុណភាព គុណតម្លៃ និងនវានុវត្តន៍នៅក្នុងសហគមន៍ ដែលបច្ចុប្បន្ន ក្រសួងបានប្រកាសទទួលស្គាល់ភូមិគំរូ ចំនួន៣០ភូមិ, បាននិងកំពុងអភិវឌ្ឍ “ភូមិគំរូ” ចំនួន ៣៤ភូមិ បន្ថែមទៀត គឺ “ភូមិសន្តិភាព” ចំនួន ៣០ភូមិ និង “ភូមិគំរូ” តាមវិធីសាស្រ្តចលនាភូមិថ្មី ចំនួន ៤ភូមិ។

លើសពីនេះ ក្រសួងបានជ្រើសរើសភូមិចំនួន ៥០ភូមិតាមបណ្តារាជធានី-ខេត្ត ដើម្បីអភិវឌ្ឍន៍ឱ្យក្លាយជាភូមិគំរូ និងបានកំណត់គោលដៅក្នុងការអភិវឌ្ឍភូមិគំរូ យ៉ាងតិចចំនួន២៣០ភូមិ នៅទូទាំងប្រទេសត្រឹមឆ្នំា២០២៨។

ក្រសួងបាននឹងកំពុងជំរុញការអភិវឌ្ឍ “ភូមិគំរូ” ទៅជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ “ភូមិគំរូគន្លឹះ” ឱ្យក្លាយជាការដ្ឋានអភិវឌ្ឍន៍កម្រិតមូលដ្ឋាន មានសក្តានុពលនិងអំណោយផល ក្រោមរូបភាពយុទ្ធសាស្ត្រផ្ការីក បែងចែកផ្លែផ្កាអភិវឌ្ឍន៍ដល់បណ្តាភូមិនានា ជិតខាងក្នុងឃុំ សង្កាត់ ឬតំបន់ ឱ្យទទួលផលពីការអភិវឌ្ឍភូមិគំរូគន្លឹះ ក៏ដូចជារៀនសូត្រ និងយកគំរូតាម។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៍ម៉ឺងម៉ាត់ និងច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់បញ្ហាលើការវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទន្ទឹមនឹងយន្តការទ្វេរភាគីដើម្បីថែរក្សាថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង់ ព្រមទាំងបានថ្លែងអំណរគុណ ដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហាន របស់កងកម្លាំងប្រដាប់អាវុធកម្ពុជា គ្រប់ប្រភេទដែលកំពុងឈរជើង ការពារបូរណភាពទឹកដីកម្ពុជាតាមបន្ទាត់ព្រំដែន មិនឱ្យអ្នកណាចូលឈ្លានពានបានឡើយ៕

To Top