ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទម្លាយថា គ្រួសារថាក់ស៊ី មានចេតនាក្បត់នៅក្នុងសម្ព័ន្ធភាពរបស់គ្នាឯង ដោយសារតែផលប្រយោជន៍ ចង់រុះរើគណៈរដ្ឋមន្ត្រី ដោយដកឧបកនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកពីគណបក្សផ្សេងដែលជាសម្ព័ន្ធភាព ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ចេញពីតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីដាក់សមាសភាពគ្នាឯងមកពីបក្សភឿថៃ ។
ចំពោះគំនិតក្បត់គ្នាឯង ដើម្បីតែផលប្រយោជន៍នេះ ធ្វើឱ្យសម្តេចតេជោ មិនអាចនឹងស្មានដល់ ហើយសម្តេចក៏បានគិតទុកជាមុនរួចទៅហើយថា គ្រួសារត្រកូលថាក់ស៊ីន នឹងក្បត់ជាមួយសម្តេចដូចគ្នា ។
ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ បានទម្លាយនូវអាថកំបាំងទាក់ទងជាមួយ រឿងរុះរើគណៈរដ្ឋមន្ត្រី ដែលជាសេនារីយ៉ូរបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន និងឪពុករបស់ខ្លួន លោក ថាក់ ស៊ីនស៊ីណារ៉ាត្រា ប្រាប់សម្តេចថា គណបក្សភឿថៃ ត្រូវការយកក្រសួងមហាផ្ទៃមកគ្រប់គ្រង ដើម្បីសម្រេចគោលដៅ បង្កើតមជ្ឈមណ្ឌលកម្សាន្ត ដែលខាងភូមិចៃថែ (Bhumjaithai) មិនយល់ព្រម ដោយមានគម្រោងឱ្យលោក អនុធីន ឆានវីរៈគុល ដែលពេលនោះ ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យទៅកាន់ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសុខាភិបាលវិញ ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរនេះ គឺជាបំណងរបស់នាយករដ្ឋមន្ត្រីថៃ ដើម្បីឱ្យភូមិចៃថៃ ដែលជាសម្ព័ន្ធភាពនៃរដ្ឋាភិបាលចម្រុះ ដើរចេញដោយខ្លួនឯង ដោយភ្លាមៗ សម្តេចមិនបានឆ្លើយតបនឹងការលើកឡើងនេះឡើយ ដោយគ្រាន់គិតក្នុងចិត្តថា “ឱព្រះអើយ ភាពផុយស្រួយនៃនយោបាយថៃបែបនេះ បែរជាកំពុងគិតហើយកំពុងក្បត់សម្ព័ន្ធភាពបែបនេះ អាចធ្វើទៅរួច ថ្ងៃណាមួយគេគង់តែក្បត់ជាមួយខ្ញុំដែរទេ បើគេក្បត់គ្នាគេហើយ គេមិនខ្លាចក្បត់ជាមួយយើងទេ”។
បន្ថែមលើនេះ សម្តេចតេជោ បានបន្តទម្លាយទៀតថា នៅពេលបានផ្លាស់ប្តូរហើយ គោលដៅរបស់គណបក្សភឿថៃ ដល់ពេលដែលភូមិចៃថៃដើរចេញ គេនឹងយកមនុស្សមួយផ្នែកដែលចាក់ចេញពី ប្រវិត្ត វង្សសុវណ្ណ និងមួយផ្នែកដែលចេញពីគណបក្សប្រជាជន ដែលពីមុនរបស់កាវក្រៃ យកមកបង្គ្រប់ ។ ក្នុងន័យនេះ គណបក្សភឿថៃ គ្រោងលួចកម្លាំងរបស់ប្រវិត្ត វង្សសុវណ្ណ និងលួចកម្លាំងរបស់អតីតប្រធានបក្ស ពីថា កាវក្រៃ ។
ចំពោះសេនារីយ៉ូខាងលើនេះ សម្តេចតេជោ បញ្ជាក់ថា គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ជាអ្នកនិយាយជាមួយសម្តេចតែម្តង នៅផ្ទះនៅតាខ្មៅ ដោយសម្តេច ហ៊ានបបួល លោកស្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (អ៊ុងអីង) ស្បត់នៅប្រទេសឥណ្ឌា ប្រសិនបើការលើកឡើងរបស់សម្តេចតេជោ ពុំមែនជាការពិត ឬមិនបានចេញពីមាត់របស់ អ៊ុងអីងផ្ទាល់ ។
បន្ទាប់ពីមានកិច្ចសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ សម្តេចតេជោ បានមានប្រសាន៍ថា “ពេលហ្នឹង ឃ្លាំង ហួត បានប្រាប់មកថា ឌូបៃ(ជាឈ្មោះតំណាង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា) ឱ្យប្រាប់លោកពូ ថាឥឡូវហ្នឹង គឺត្រៀមដក អនុធីន ចេញហើយ ដូរអនុធីន ហើយខ្ញុំក៏ប្រាប់ទៅ ឃ្លាំង ហួត វិញ ថាឱ្យប្រាប់ទៅថាស៊ីន ថាដូរគេ ប្រយ័ត្នគេដូរខ្លួន គេដូរខ្លួនវិញ ពេលវេលានេះ មិនមែនជាពេលវេលាដែលត្រូវដូរគេទេ ពេលវេលាទប់ខ្លួនឱ្យវានឹង ប៉ុន្តែដល់ទៅបែកធ្លាយទៅ នៅសារសំឡេងនេះ ខាងភូមិចៃថៃ គេរក្សាកិត្តិយសរបស់គេដែរ គេដកខ្លួនចេញពីរដ្ឋាភិបាលបាត់ បាច់ចាំឱ្យដកគេទាន់ណា អាហ្នឹងរឿងគេចឹង” ។
បើទោះមានកិច្ចសន្ទនារ ក៏ដូចជាការសុំយោល់ពី គណបក្សភឿថៃ មកកាន់សម្តេចតេជោ ប្រធានព្រឹទ្ធសភាយ៉ាងណាក៏ដោយ ក៏សម្តេចតេជោ បញ្ជាក់ជាថ្មីម្តងហើយម្តងទៀតថា សម្តេចមិនជជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃនោះទេ បើសួរយោបល់ សម្តេចមិនខ្វះយោបល់ជូនទេ ប៉ុន្តែរឿងសម្រេចយ៉ាងណា គឺវាស្ថិតនៅលើសមត្ថកិច្ចរបស់ថៃតែប៉ុណ្ណោះ ។
ក្នុងនោះសម្តេចតេជោ មានប្រសាសន៍ យ៉ាងច្បាស់ៗថា “ក្នុងប្រវត្តិសាស្ត្រកម្ពុជា គឺមានតែសម័យតេជោទេ ដែលថៃបានពឹងពាក់ហើយសួរយោបល់ ក្នុងនឹងគឺបក្សភឿថៃ នឹងឯង”៕
