ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក យិច សមិទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងការដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ ពាក្យបណ្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក យិច សមិទ្ធិ បានលើកឡើងថា ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ រយៈពេល ២៦ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ដោយមានកិច្ចសហការល្អពីអាជ្ញាធរមានសមត្ថកិច្ច គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក៏ប៉ុន្តែដំណើរកា រនៃការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ មិនទាន់បញ្ចប់នៅឡើយទេ។ ការងារដែល គ.ជ.ប ត្រៀមអនុវត្តបន្តនៅពេលខាងមុខ គឺការបិទផ្សាយបញ្ជីបោះឆ្នោតដំបូ ង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ និងការងារចុងក្រោយ គឺការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត។
លោក បានបន្តថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ក្នុងឃុំ សង្កាត់នីមួយៗ មានចំនួន ៣ ច្បាប់៖
– បិទផ្សាយ ១ច្បាប់ នៅតាមសាលាឃុំ សង្កាត់
– បិទផ្សាយ ១ច្បាប់ នៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ និង
– ១ច្បាប់ សម្រាប់ប្រើប្រាស់តាមការចាំបាច់ របស់ក្រុមប្រឹក្សាឃុំ សង្កាត់។
ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ ក្នុងការពិនិត្យមើលឈ្មោះ និងទិន្នន័យនៅក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះ ឆ្នោត គ.ជ.ប បាន បង្ហោះបញ្ជីទាំងពីរនេះ នៅលើអាសយដ្ឋានវេប voterlist.nec.gov.kh និងតាមកម្មវិធីទូរសព្ទឆ្លាត(MobileApp) NEC KH ។
លោក យិច សមិទ្ធិ បានបញ្ជាក់ថា ដើម្បីធានាការសម្ងាត់ សន្តិសុខសុវត្ថិភាពទិន្នន័យអត្តសញ្ញាណអ្នកបោះឆ្នោត បញ្ជីបោះឆ្នោតដំបូង ដែលត្រូវបង្ហោះបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដកា រិយាល័យបោះឆ្នោត លេខរៀងក្នុងបញ្ជីបោះឆ្នោត អត្តលេខ លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬ/និងលេខឯកសារបញ្ជាក់អត្ត-សញ្ញាណ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) បង្ហាញតែលេខ ៣ខ្ទង់ចុងក្រោយ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃខែឆ្នាំកំណើត របស់អ្នកបោះឆ្នោតតែប៉ុណ្ណោះ ហើយសម្រាប់បញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នឹងមានបង្ហាញ បន្ថែមនូវការបញ្ជាក់ពីមូលហេតុ ដែលត្រូវលុបនៅលើនោះ និងមានសញ្ញាខ្វែងពណ៌ក្រហមនៅលើបញ្ជីឈ្មោះ។
លោក យិច សមិទ្ធិ មានប្រសាសន៍បន្តទៀតថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ នឹងត្រូវធ្វើនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នា លើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័ យ របស់ខ្លួន។ គោលដៅនៃការបិទផ្សព្វផ្សាយ បញ្ជីឈ្មោះទាំងនោះ គឺដើម្បីឱ្យអ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយទៅពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ហើយអាចធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់។
លោក យិច សមិទ្ធិ ក៏បានជម្រាបជូនអំពីលទ្ធផលបណ្តោះអាសន្ន ក្នុងដំណាក់កាលនៃការបិទ ផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥។ ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីនេះ មានចំនួន ១០.១៦២.២១០ (ដប់លានមួយរយហុកសិបពីរពាន់ពីររយដប់) នាក់ ស្មើនឹង ៩០,៥០% ធៀបនឹងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើងទៅ ក្នុងនោះស្រ្តីមានចំនួន ៥.៣ ៩៣.២៩៩ (ប្រាំលាន បីរយកៅសិបបីពាន់ពីររយកៅសិបប្រាំបួន) នាក់។ អ្នកចុះឈ្មោះបោះឆ្នោតថ្មីសរុបចំនួន ២២៣.៩០៦ (ពីររយម្ភៃបីពាន់ប្រាំបួនរយប្រាំមួយ) នាក់ អ្នកកែតម្រូវទិន្នន័យជីវប្រវត្តិសរុបចំនួន ១.៣៤០.៨៨៧ (មួ យលានបីរយ សែសិបពាន់ប្រាំបីរយប៉ែតសិបប្រាំពីរ) នាក់ អ្នកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រសរុបចំនួ ន ២.៥៦២.៤៨៧ (ពីរលាន ប្រាំរយហុកសិបពីរពាន់ បួនរយប៉ែតសិបប្រាំពីរ) នាក់ និងមានការិយាល័យ បោះឆ្នោតសរុបចំនួន ២៤.២៣៥ (ម្ភៃបួនពាន់ពីររយសាមសិបប្រាំ) ការិយាល័យ។ ដោយឡែកអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោតដោយមូលហេតុផ្លាស់ទីលំនៅចេញ អ្នកដែ ល បានទទួលមរណភាពមានឈ្មោះស្ទួន និងអ្នកដែលត្រូវបានដកសិទ្ធិបោះឆ្នោត ត្រូវធ្វើឡើងដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ មានចំនួនសរុប ១៦៣.០៣៤ (មួយរយហុកសិបបីពាន់សាមសិបបួន) នាក់។
សម្រាប់គណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយមានសិ ទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះត្រូវគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ ។ ម្យ៉ាងទៀត គណបក្សនយោបាយក៏អាចស្នើសុំបញ្ជីបោះឆ្នោតដំបូងនេះ តាមទម្រង់ PDF ដែលមានបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត លេខរៀង ក្នុងបញ្ជីបោះឆ្នោត អត្តលេខ លេខ អ.ខ ឬ/និងលេខ ឯ.អ បង្ហាញតែលេខ ៣ខ្ទង់ចុងក្រោយ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃខែឆ្នាំកំណើត របស់អ្នកបោះឆ្នោត ប៉ុណ្ណោះ។
អំពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៥ លោក យិច សមិទ្ធិ បានមានប្រសាសន៍ថា ជនណាក៏ដោយមានសិទ្ធិប្ដឹងតវ៉ា ឬ/និ ង ប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរ តាមពាក្យបណ្តឹង (ទ.១ ២ ០ ២) ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ៥(ប្រាំ) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ។
ចំពោះយន្តការនៃការដោះស្រាយពាក្យបណ្តឹង លោក យិច សមិទ្ធិ បានបញ្ជាក់ថា សមត្ថកិច្ចក្នុងការទទួល និងដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ មាន៣ថ្នាក់ គឺនៅក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ គ.ជ.បនិងនៅក្រុមប្រឹក្សាធម្មនុញ្ញ។
សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេច ស្ថាពរបិទផ្លូវតវ៉ា។ ការដោះស្រាយពាក្យបណ្តឹងទាំងអស់ត្រូវធ្វើឡើងស្របតាមបទបញ្ជា និងនីតិវិធី ទាក់ទងនឹងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់។
ភាគីដែលចូលរួមក្នុងកិច្ចប្រជុំ បានលើកជាសំណួរទាក់ទងនឹងចំនួនអ្នក ដែលនឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត និងអ្នកត្រូវបានដកសិទ្ធិបោះឆ្នោត តើសំអាងលើអ្វី?
តំណាង គ.ជ.ប បានឆ្លើយបញ្ជាក់ចំពោះសំណួរខាងលើនោះថា អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោតចំនួន ១៦៣.០៣៤ (មួយរយហុកសិបបីពាន់សាបសិបបួន) នាក់ គ្រាន់តែជាតួលេខប៉ាន់ស្មាននៅឡើយទេ គ.ជ.ប មិនទាន់លុបឈ្មោះទេ គឺបញ្ជីឈ្មោះនោះទុកបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ និងធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ រួចត្រូវធ្វើការដោះស្រាយតាមនីតិវីធី ហើយមុននឹង គ.ជ.ប សម្រេចលុបឈ្មោះគឺផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ ។
ជាចុងក្រោយ លោក យិច សមិទ្ធិ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះ បោះឆ្នោតរួចហើយ អញ្ជើញទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោ ត ដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលមានបិទផ្សាយនៅតាមឃុំ ស ង្កា ត់ ឬនៅលើអាសយដ្ឋានវេប voterlist.nec.gov.kh និងតាមកម្មវិធីទូរសព្ទឆ្លាត (Mobile App) NECKH ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងព័ត៌មាន តំណាងគណប ក្សនយោបាយចំនួន ២២គណបក្ស តំណាង សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៦ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួនប្រមាណ ៧៥នាក់៕









