ព័ត៌មានជាតិ

ក្រសួងការងារ សហការជាមួយ សមាគម TAFTAC ផ្សព្វផ្សាយអំពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់អ្នកគ្រប់គ្រងសហគ្រាស គ្រឹះស្ថាន និងបុគ្គលិកផ្នែកធនធានមនុស្ស/រដ្ឋបាល/អនុលោមភាព និងគិលានុបដ្ឋាក នៅខេត្តកណ្តាល

កណ្តាល៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ដល់ សហគ្រាស គ្រឹះស្ថាន ដែលមានសិក្ខាកាមចូលរួម សរុបចំនួន ៦៥នាក់ ដែលប្រព្រឹត្តិទៅនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត លី សារុន ប្រធានការិយាល័យ តំណាងប្រធាននាយកដ្ឋានពេទ្យការងារ បានចូលរួមបើកកម្មវិធី និងដឹកនាំក្រុមការងារនៃនាយកដ្ឋានពេទ្យការងារ ចូលរួមធ្វើបទបង្ហាញ ដើម្បីផ្សព្វផ្សាយ ណែនាំ និងបង្កើនការយល់ដឹងដល់សហគ្រាស គ្រឹះស្ថានលើគោលការណ៍សំខាន់ៗដូចជា ច្បាប់ និងបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងការងារ, បញ្ជីត្រួតពិនិត្យអធិការកិច្ចផ្នែកលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ, ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ, សុវត្ថិភាពគ្រឿងម៉ាស៊ីន, មូលដ្ឋានគ្រឹះនៃសុវត្ថិភាពអគ្គិភ័យ និងភាពតានតឹងដោយកម្ដៅខ្លាំង និងវិធានការសុវត្ថិភាពការងារនៅកន្លែងធ្វើការ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ក្រុមការងារបានធ្វើការចាក់វីដេអូផ្សព្វផ្សាយអំពីសកម្មភាពខ្លះៗរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) និងវីដេអូអប់រំស្ដីពីសុវត្ថិភាពអគ្គិភ័យ ដែលរៀបចំឡើងដោយនាយកដ្ឋានពេទ្យការងារកន្លងមក៕

To Top