ពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បានកត់សម្គាល់ឃើញថា ត្រី នៅតំបន់បឹងទន្លេសាបកំពុងចាប់ផ្តើមសម្បូរឡើងវិញ ក្រោយពីកម្លាំងយោធាភូមិទី៥ បើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជារៀងរាល់ថ្ងៃ ដូចភ្លៀងរលឹម ក្នុងភូមិសាស្គ្រខេត្តបឹងទន្លេសាប។

លោក ខូយ រីដា បានថ្លែងកត់សម្គាល់ឃើញបែបនេះ ក្នុងឱកាសអ្នកដឹកនាំកម្លាំងចម្រុះចុះធ្វើប្រតិបត្តិការ បង្ក្រាបទល្មើសនេសាទត្រី ព្រមបានផ្តល់ស្បៀងនិងភេសជ្ជៈជូនដល់កម្លាំងចម្រុះដែលបាននឹងកំពុងបំពេញបេសកកម្មក្នុងបឹងទន្លេសាបស្ថិតក្នុង ឃុំកំពុងលួង ស្រុកក្រគរ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ។

ការសម្បូរត្រីឡើងវិញនៅតំបន់បឹងទន្លេសាបនេះគឺក្រោយពីកម្លាំងយោធភូមិភាគទី៥ សហការជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទនៅក្នុងភូមិសាស្គ្រខេត្តជាប់បឹងទន្លេសាប ។

លោក បញ្ជាក់ថា ផ្អែកតាមគោលការការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ពង្រាយកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប និងបានបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ ។ប្រជានេសាទត្រូវប្រកបរបរនេសាទដោយស្របច្បាប់ មិនត្រូវប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយត្រូវចូលរួមសហការជាមួយកងកម្លាំងដែលកំពុងអនុវត្តការងារ។ បើឃើញមានបទល្មើសនេសាទ ត្រូវរាយការណ៍ប្រាប់កងកម្លាំងចុះបង្ក្រាបនិងបំផ្លាញចោល និងចូលរួមរក្សាការពារមច្ឆជាតិឱ្យមានពងកូនបន្តពូជជាក់ ស្តែងពេលនេះកំពុងចាប់ផ្តើមសម្បូរត្រីហើយក្នុងបឹងទន្លេសាប។


តាមរយៈនេះ លោក ក៏បានធ្វើការអំពាវនាវ ដល់ប្រជានេសាទដែលកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែងនៅជុំវិញបឹងទន្លេសាប គប្បីរួមគ្នា អភិរក្ស និងអភិវឌ្ឍសំដៅធ្វើយ៉ាងណា ឱ្យធនធានជលផលនិងធនធានធម្មជាតិកាន់តែប្រសើ និងសម្បូឡើងវិញ៕


