ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលអមដំណើរដោយលោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាថ្ងៃ២៨ មិថុនា បានចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសម្ភារៈប្រើប្រាស់ដល់ប្រជាពលរដ្ឋដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព នៅក្នុងវត្តពោធិ៍ ៥០០០ដើម នៅភូមិគូលែនត្បូង ឃុំគូនលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំអំណោយជាសម្ភារៈប្រើប្រាស់មកចែកជូនសរុបមានចំនួន ១៧៣២គ្រួសារ (គ្រួសារចូលថ្មី ៥៣២គ្រួសារ) ក្នុងមួយគ្រួសារទទួល បានមួយកញ្ចប់ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១ សារ៉ុង១ ក្រម៉ា១) ចំពោះគ្រួសារចូលថ្មី ទទួលបាន២កញ្ចប់ ក្នុងមួយគ្រួសារ សរុបទាំងអស់ស្មើនឹង ២២៦៤កញ្ចប់ (ឃីត)។ អំណោយដែលផ្តល់ជូននាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តាមរយៈក្រសួងសុខាភិបាល ។ សាស្ត្រាចារ្យរដ្ឋមន្រ្តី មានមតិសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្ត្រីកម្ពុជា។

បន្ថែមពីនេះ សាស្ត្រាចារ្យរដ្ឋមន្ត្រីបានណែនាំពលរដ្ឋ រស់នៅទីនេះ ថែរក្សាសុខភាពជាចម្បង ដោយរស់នៅស្អាត ហូបទឹកស្អាត និងមានអនាម័យ , ប្រើប្រាស់បន្ទប់អនាម័យគ្រប់ពេលវេលា និងចូលរួមសម្អាតទាំងអស់គ្នា , ត្រូវមានការប្រុងប្រយ័ត្នចំពោះកូនតូចៗ ទៅលេងទឹកអាចមានគ្រោះថ្នាក់ និងត្រូវគេងក្នុងមុងឲ្យបានត្រឹមត្រូវ ជៀសវាងជំងឺគ្រុនឈាម ដែលខែនេះជារដូវវស្សា។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងមន្រ្តីសុខាភិបាល ត្រូវបង្កើន និងបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាសុខភាពដល់ពលរដ្ឋនៅទីនេះឲ្យបានខ្ពស់ ជាពិសេសផ្នែកសង្រ្គោះ ការពិនិត្យសុខភាពស្រ្តីមានផ្ទៃពោះ និងការបញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យតាមស្ថានការណ៍ចាំបាច់៕











