ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម លោកសាស្ត្រាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខ ទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលប្រចាំការនៅស្តង់សង្គ្រោះបឋម របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ ក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម នៅស្រុកគូលែន ខេត្តព្រះវិហារ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី សម្តែងការរីករាយដែលបានឃើញប្រជាពលរដ្ឋមានការជឿជាក់ លើការបម្រើសេវាព្យាបាលរបស់មន្រ្តី និងបុគ្គលិកសុខាភិបាល ដែលបម្រើការងារនៅទីនោះ ដោយមកទទួលសេវាយ៉ាងច្រើនកុះករ។

ទន្ទឹមនឹងនេះ សាស្រ្តាចារ្យ បានណែនាំដល់ក្រុមគ្រូពេទ្យ បន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងស្មារតីក្រមសីលធម៌វិជ្ជាជីវៈបម្រើសេវាជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារជាពិសេសស្រ្តីមានផ្ទៃពោះ ចាស់ជរា ជនពិការ និងកុមារ។ មន្ទីរសុខាភិបាល បន្តពិនិត្យពីបញ្ហាសុខភាពសាធារណៈជាប់ជាប្រចាំ ដោយត្រូវបាញ់ថ្នាំសម្លាប់មូស លើកកម្ពស់ការអប់រំសុខភាព ជាពិសេសលើជំងឺឆ្លងនានា ធានាយ៉ាងណាលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ៕












