ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃ២៩ មិថុនា បានបន្តចុះពិនិត្យ និងគាំទ្រតម្រូវការជាក់ស្តែង ចំពោះមុខ ក្នុងមូលដ្ឋានសុខាភិបាលជាប់ព្រំដែនកម្ពុជា-ថៃ នៅមណ្ឌលសុខភាពស្រអែម និងមណ្ឌលសុខភាព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីសុខាភិបាល ដោយពាំនាំផ្តល់ ជូនឱសថចាំបាច់ បន្ថែមមួយចំនួន ដើម្បីឆ្លើយតបបានតាមតម្រូវការ បន្ទាន់ជាយថាហេតុ ។ ក្រុមការងារសុខាភិបាល បានចុះពិនិត្យតាមជំនាញ អំពីហេដ្ឋារចនាសម្ព័ន្ធ កិច្ចការបម្រើសេវាមានដូចជា៖ ផ្នែកផ្តល់ថ្នាំបង្ការ ពិនិត្យជំងឺក្រៅ ជំងឺទឹកនោមផ្អែម ឡើងសម្ពាធឈាម ជំងឺសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ផ្នែកមន្ទីរពិសោធន៍ និងឃ្លាំងឱសថ។

ក្នុងដំណើរចុះពិនិត្យនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ ដល់មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពទាំងពីរ ដែលកំពុងខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត ស្មារតីទទួលខុសត្រូវ លើការបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ប្រកបដោយ គុណភាព ប្រសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ នៅតាមមូលដ្ឋានខេត្ត ជាប់និងព្រំដែន ។ បន្ថែមពីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្ត ដល់មន្រ្តីសុខាភិបាលទាំង២ ត្រូវបន្តខិតខំប្រឹង ប្រែងរៀនសូត្របន្ថែម លើចំណេះជំនាញ រួមទាំងចំណេះដឹកនាំ ។

សូមគូសរំលេចផងដែរថា មណ្ឌលសុខភាពទាំង ២ខាងលើ ជាចំណុចយុទ្ធសាស្រ្តមួយ គឺជាទីតាំងមូលដ្ឋាន សុខាភិបាលជួរមុខ ជិតនិងកៀកព្រំដែនកម្ពុជា-ថៃ៕










