ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់មន្រ្តីសុខាភិបាល ខេត្តព្រះវិហារ ពិនិត្យបន្ថែម និងគ្រប់ជ្រុងជ្រោយ លើកិច្ចការរៀបចំផែនការ យុទ្ធសាស្រ្តសុខាភិបាល ជាពិសេសជាប់ព្រំដែនថៃ ។

ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃ២៩ មិថុនាសាស្រ្តាចារ្យ ឈាង រ៉ា ណែនាំដល់មន្រ្តីសុខាភិបាល អំពីការដឹកនាំ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវបង្កើនការយកចិត្តទុកដាក់ លើការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ អនាម័យ ឥរិយាបថ ក្រមសីលធម៌វិជ្ជាជីវៈ វិន័យការងារ ជាមួយជំហរទំនួលខុសត្រូវ បន្តរក្សាភាពជឿជាក់ ពីប្រជាពលរដ្ឋគ្រប់ទិសទី ។

សាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវសហការក្នុងការជួយ ទាំងផ្នែកបច្ចេកទេស និងការព្យាបាល ដោយសិក្សាឲ្យបានច្បាស់លាស់ បន្ថែមទៀត ពិនិត្យលទ្ធផលក្នុងការពង្រីកសមត្ថភាពមន្ទីរពេទ្យបង្អែកជាំក្សាន្ត ជាពិសេសលើផ្នែកសេវាសង្រ្គោះបឋម សម្រាកព្យាបាល និងការបញ្ជូន ជាមួយប្រសិទ្ធភាពខ្ពស់ ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវពន្លឿនការពង្រីកសមត្ថភាព មន្ទីរពេទ្យស្រុកជាប់ព្រំដែន ដែលក្នុងគម្រោងមន្ទីរ ពេទ្យបង្អែកគោលដៅទាំង៦១ ក្នុងការពង្រឹងសមត្ថភាពផ្នែកសង្រ្គោះ ហើយត្រូវចុះតាមដាន វឌ្ឍនភាពការងារនេះ ដើម្បីត្រៀមលក្ខណ:រួចជាស្រេច ក្នុងការពិនិត្យ និងបម្រើសេវាសង្រ្គោះបន្ទាន់ ព្យាបាលករណីឈឺ របួស និងគ្រោះអាសន្នផ្សេងៗ ។

សាស្រ្តាចារ្យ បានណែនាំដល់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិ ត្រូវរៀបចំផែនការគ្រប់ជំហាន និងត្រៀមរៀបចំឲ្យបានរួចរាល់ផ្នែកធនធានមនុស្ស និងសម្ភារបរិក្ខារពេទ្យសំខាន់មួយចំនួន ដូចជាឱសថ ផ្នែកសង្រ្គោះបឋម ដើម្បីធានាបានការឆ្លើយតបបានទាន់ពេលវេលា។ ត្រូវបង្កើនការសហការ និងការជួយគាំទ្របច្ចេកទេសបន្ថែមពីថ្នាក់ជាតិ ដោយស្ថានភាពនេះ យើងត្រូវរួបរួមគ្នា សហការគ្នា រួមសុខទុក្ខជាមួយគ្នា៕









