ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសឲ្យជនរួមជាតិខ្មែរទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកល ដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ចតាចង់លេបទឹកដី ខេត្តមួយចំនួនរបស់កម្ពុជា ។
យោងតាមគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៣០ មិថុនាសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អ្នកនយោបាយជ្រុលនិយមថៃ សុិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោត ដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារ ចូលទឹកដីកម្ពុជា យកខេត្តមួយចំនួន របស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។
នេះជាសំដីរបស់ ស៊ិនធិ លឹមថងគុល ដែលនិយាយភាសាថៃ៖ «អាហ៊ុនសែនមហាតេជោ អ្នកឯងសំណាងល្អដែលអញ ស៊ិនធិ លឹមថងគុល ដែលអញអត់មានអំណាច ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះ បាត់ដំបង សៀមរាប សិរីសោភណ្ឌ អញនឹង ដណ្តើមយកមក ហើយស្អែកអញ នឹងទៅយកព្រះវិហារ និងបន្តទៅយកកោះគុជទៀត ហើយអញសួរហ្អែងថា ប្រសិនបើនៅមិនពេញចិត្តទៀត អញនឹងទៅយកភ្នំពេញ»។
សម្ដេចតេជោ ហ៊ុន សែន បន្ដថា “សម្តីបែបនេះ របស់អ្នកនយោបាយជ្រុលនិយមថៃ បង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និងមហិច្ចតាចង់ បានទឹកដីរបស់កម្ពុជា ដូច្នេះហើយខ្ញុំសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ចតា ចង់លេបទឹកដីខេត្តមួយចំនួន របស់កម្ពុជា”។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា “ដោយចរិតឈ្លានពានបែបនេះ ទើបយើងត្រូវពង្រឹងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងខឿនការពារជាតិ របស់ប្រជាជន ត្រូវខិតខំចរចា ដើម្បីបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់។ យើងត្រូវត្រៀមខ្លួនតស៊ូ រយៈពេលវែងតាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់ ។ ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់ លទ្ធភាពប៉ះទង្គិចខាងយោធា ឬសង្គ្រាមតាមព្រំដែនងាយនឹងកើតឡើង និងពិបាកជៀសផុត” ។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀត ថា “ខ្ញុំមិនតបតជាមួយពួកចោរឈ្លានពានទឹកដីទេ តែនេះជាសារដាស់តឿនដល់ បងប្អូនជនរួមជាតិកម្ពុជាដើម្បីត្រៀម ខ្លួនវាយចោរឈ្លានពានទឹកដី”៕
