ព័ត៌មានជាតិ

សមត្ថកិច្ច បានបង្រ្កាបករណីឆបោក និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម

ភ្នំពេញ ៖ យោងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោក ប្រាក់ក្រោមរូបភាពរៃអង្គាសប្រាក់ ក្នុងនាមកងកម្លាំង ជួរមុខនៅព្រំដែន និងបង្ហោះផ្សព្វផ្សាយព័ត៌មាន មិនពិតពីជម្លោះព្រំដែនកម្ពុជា-ថៃ បង្កឱ្យមានភាព វឹកវរដល់សន្តិសុខសង្គម។

បើយោងតាមគេហទំព័រហ្វេសប៊ុក របស់នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នាថ្ងៃទី៣០ មិថុនា បានឱ្យដឹងថា ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ទ.ស.ប ភេទប្រុស។

តាមការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ពិតបានប្រើប្រាស់គណនី និងទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីធ្វើការឆបោកប្រាក់ ដោយប្រកាសស្វែងរកជំនួយសប្បុរសធម៌ ក្រោមរូបភាពជាកងកម្លាំងនៅតំបន់ជួរមុខ ព្រមទាំងផ្សព្វផ្សាយនូវវីដេអូ ក្លែងក្លាយអំពីការផ្ទុះអាវុធ ដែលនាំឱ្យអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុកមានការភាន់ច្រឡំ ថាមានសង្គ្រាមកើតឡើង នៅតំបន់ព្រំដែនកម្ពុជា-ថៃ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូន ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណជន រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូ អ្វីមួយ សូមបញ្ជាក់ឱ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ជៀសវាងធ្វើឱ្យមានការភាន់ច្រឡំ ពីសាធារណជន។

បន្ថែមពីនោះ ក៏សូមពិនិត្យ និងពិចារណាឱ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញ យកការចាប់អារម្មណ៍ ឬប្រជាប្រិយភាព ឬកេងចំនេញផលប្រយោជន៍ មកបុគ្គល ដែលរាល់ការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ធ្វើឱ្យមានផលប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជាអំពីខុសច្បាប់ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

To Top