ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅកាន់ភាគីថៃថា រាជរដ្ឋាភិបាលកម្ពុជា ពីលើដល់ក្រោម គឺមានការឯកភាព និងដឹកនាំបញ្ជាដោយការទទួលខុសត្រូវច្បាស់លាស់ ខណៈដែលភាគីថៃត្រូវធ្វើដូចគ្នា ទើបប្រទេសទាំងពីរ រកវិធីដោះស្រាយលើបញ្ហាព្រំដែនបាន ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាមច្ឆជាតិ លើកទី២០ ស្ថិតនៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា មិនមែនធ្វើការ ដូចប្រទេសថៃ ដែលម្នាក់និយាយបែបនេះ ឯម្នាក់ទៀត និយាយបែបនោះ តួរយ៉ាងលិខិតមួយសន្លឹកនិយាយ៤នាក់ ខុសទាំង៤នាក់នោះទេ ហើយកម្ពុជា រងចាំអ្នកមានអំណាច ពិតប្រាកដ សិទ្ធិពិតប្រាកដ ក្នុងការបិទបើកច្រកព្រំដែន ហើយការ បើកច្រកទៀតសោត ត្រូវបើកឱ្យច្បាស់លាស់ ទើបអាចកើតមាន ការចរចារឿងយោធាបន្ថែម ពោលគឺទាល់តែការបើកច្រកព្រំដែនទៅធម្មតាឡើងវិញ បានកម្ពុជាគិតគូពីការជួបគ្នា រវាងកងទ័ពនិងកងទ័ព ។
ការកំណត់របស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងដោយសារសម្តេចធិបតី យល់ឃើញថា មិនអាចទុកចិត្តបាន ឬជឿលើប្រមុខដឹកថៃ ណាមួយបានឡើយមកដល់ពេលនេះ ក្នុងពេលដែលប្រទេសថៃ មិនមានភាពច្បាស់លាស់ នៅក្នុងប្រទេសខ្លួនផងនោះ ។
ក្នុងនោះសម្តេចធិបតី ថ្លែងបញ្ជាក់ថា សម្តេចប្រធានព្រឹទ្ធសភា បញ្ចេញមតិទាក់ទងទៅនឹងរឿងនយោបាយ ប៉ុន្តែការសម្រេចចិត្ត និងការបញ្ជាស្ថាប័នរដ្ឋ គឺនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីបញ្ជា មិនមែនបទបញ្ជាលេងសើចនោះទេ ទោះបីឃើញដាក់លើហ្វេសប៊ុក គឺមានន័យថា នាយករដ្ឋមន្ត្រីមិនមានការភ័យខ្លាច និងមិនបានឱ្យខេត្តចេញ ហើយនាយករដ្ឋមន្ត្រីយករួចខ្លួន ថាអត់ដឹងអ្វីនោះទេ បើមានរឿងអ្វី នាយករដ្ឋមន្ត្រី នឹងទទួលខុសត្រូវ មិនមែនលឹបលរនោះទេ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ហើយទី២ការទទួលខុសត្រូវរបស់យើង ហើយបញ្ជាក់ច្បាស់លាស់ថា រាជរដ្ឋាភិបាលកម្ពុជា ពីលើដល់ក្រោម គឺមានការឯកភាព ហើយដឹកនាំបញ្ជា និងការទទួលខុសត្រូវច្បាស់លាស់ សុំឱ្យភាគីថៃធ្វើដូចគ្នា ទើបយើងរកវិធីដោះស្រាយបញ្ហាបាន នេះគឺជាសារធំណាស់ដែលត្រូវធ្វើ” ។
បន្ថែមលើនេះ ចំពោះការចោទប្រកាន់រាជរដ្ឋាភិបាល ជាពិសេសចោទថា សម្តេចធិបតី ខ្វះវិជ្ជាជីវៈ ធ្វើអ្វីតាមហ្វេសប៊ុកនោះ ត្រូវបានសម្តេចធិបតី នាយករដ្ឋមន្ត្រី ឆ្លើយតបវិញថា មេដឹកនាំមហាអំណាច ក៏ប្រើតាមហ្វេសប៊ុកច្រើនគរគោក ខ្លះតាមTiktok ខ្លះតាម X ដែលពីមុនជា Twetter ដូចតែគ្នាទេ សំខាន់បំផុតសម្តីមួយម៉ាត់ៗ គឺការទទួលខុសត្រូវ៕
