ព័ត៌មានជាតិ

គ.ជ.ប រៀបចំពិធីក្រុងពាលី​ នៅអគារទីស្នាក់ការថ្មី ដើម្បីសុំសេចក្តីសុខ​ ដល់ថ្នាក់ដឹកនាំ និងមន្ត្រី ចូលបម្រើការងារ

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀចំការបោះឆ្នោត (គ.ជ.ប) និងលោកស្រី ឱម សារី ប្រាជ្ញចន្ទ ព្រមទាំងសមាជិក និងមន្ត្រីរាជការនៃគ.ជ.ប ជាច្រើននាក់ទៀត នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំពិធីក្រុងពាលី ចម្រើនព្រះបរិត្ត និងប្រោះព្រំប្រសិទ្ធពរជ័យ អគារទីស្តីការថ្មីនៃ គ.ជ.ប ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃ គ.ជ.ប ដែលចូលបម្រើការងារនៅអគារទីស្នាក់ការថ្មីនេះ។

សំណង់អគារនេះ មានទីតាំងស្ថិតនៅដីឡូតិ៍លេខ១១៣ មហាវិថីសម្ដេចសុធារស ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង មានរាងបួនជ្រុងទ្រវែង មានបណ្តោយ ៩១,១៥ម៉ែត្រ ទទឹង ៤៣,២០ម៉ែត្រ កម្ពស់ ៥០,៦៤ម៉ែត្រ មាន ៩ជាន់ និងក្រឡាផ្ទៃសរុប ៣២.០០០ម៉ែត្រការ៉េ បានបើកការដ្ឋានសាងសង់កាលពីទី២ ខែមករា ឆ្នាំ២០២៤ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ។ ក្នុង​អគារនេះ មានសាលប្រជុំមួយ ដែលផ្ទុកមនុស្សបាន៤៥០នាក់។ 

សំណង់អគារថ្មីនៃទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺជាសក្ខីកម្មដែលឆ្លុះបញ្ចាំង អំពីការប្តេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំកំពូល នៃស្ថាប័នជាតិ ដែលកើតចេញពី ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជាធរមាន។

រចនាបថស្ថាបត្យកម្ម សំណង់អគារថ្មីនៃទីស្តីការ គ.ជ.ប ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃ នៃការដឹកនាំរបស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ គ.ជ.ប ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋាន គ.ជ.ប ក្នុងបេសកកម្ម រៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតស្របតាមការកំណត់នៃច្បាប់។ ប្លង់ស្ថាបត្យកម្មនេះ ជាប្រភេទស្ថាបត្យកម្មក្លាសសិករចនាបថខ្មែរ សាងសង់អំពីគ្រឿងបង្គុំបេតុង ជញ្ជាំងឥដ្ឋ ដំបូលប្រក់ក្បឿងស្រកាលេញ ឬក្បឿងក្បាច់។

នៅផ្នែកកណ្តាលនៃសំណង់អគារជាន់ទី៩ មានរំលេចនិមិត្តសញ្ញា គ.ជ.ប រាងជារង្វង់មូល មានផ្ទៃពណ៌ខៀវចាស់ មានរូបព្រះ-នារាយណ៍គង់លើភ្នំមន្តរ ទ្រដោយសត្វអណ្ដើកឈ្មោះកុម៌ និងមានរូបទេព្តា (សុរៈ) និងយក្ខ (អសុរៈ) ទាញនាគអនន្ទ (វ៉ាសុគី) ជាខ្សែពួរ ដើម្បីកូរសមុទ្រទឹកដោះរកទឹកអម្រឹត (អមតៈ) ដែលដកស្រង់ចេញពីរូបទេវកថាកូរសមុទ្រទឹកដោះបានឆ្លាក់នៅថែវខាងកើត ស្លាបខាងត្បូងនៃប្រាសាទអង្គរវត្ត។ សំណង់នេះ បានសាងសង់ដោយអនុលោម តាមគោលការណ៍សមាមាត្រនៃរូបរាងអគារ ដោយស្ថាបត្យករបានគិតគូរ យ៉ាងហ្មត់ចត់អំពីលម្ហ មុខងារប្រើប្រាស់ ពន្លឺ ខ្យល់ធម្មជាតិចូល និងចេញគ្រប់គ្រាន់ ប្រកបដោយផាសុកភាព ព្រមទាំងបានរំលេចពណ៌ត្នោតខ្ចី ស្ទើរពេញផ្ទៃអគារ លើកលែងតែផ្ទៃជាន់ផ្ទាល់ដី និងជាន់ទី១ ប្រើប្រាស់ក្រួសលាងពណ៌មង្ឃុត រួមទាំងដំបូលប៉ិតប្រក់ក្បឿងស្រកាលេញ ស័ក្តិសមជាកន្លែងធ្វើការសម័យទំនើប។

ភាពអស្ចារ្យរបស់សំណង់អគារថ្មីនៃទីស្តីការ គ.ជ.ប ជាប្រភេទសំណង់អគារស្ថាប័នជាតិថ្មីមួយ ដែលបានរំលេចឡើងនូវភាពជឿជាក់ សេចក្ដីស្មោះត្រង់ និងការទទួលខុសត្រូវ ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ សំដៅរួមចំណែកជាមួយស្ថាប័នជាតិដទៃទៀត ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។
ផ្នែកខឿនអគារនេះ បានរចនាឡើងនូវភាពលេចធ្លោ ពីផ្នែកមួយទៅផ្នែកមួយទៀត ទាំងជម្រាលផ្លូវ កាំជណ្តើរ ក្បាច់រចនាខ្មែរស្របតាមខឿន សួនច្បារលម្អ ជាពិសេសបានប្រើប្រាស់ប្រភេទក្រួសលាង ដែលបានបង្ហាញយ៉ាងច្បាស់ពីភាពថ្លៃថ្នូរ ភាពរឹងមាំ គង់វង្សធន់នឹងធាតុអាកាស។

ផ្នែកតួអគារនេះ បានរចនាឡើងដោយជ្រើសរើស យករចនាបទក្លាសសិក មកសិក្សា ដែលភាគច្រើនក្នុងរចនាបទនេះ បានបង្ហាញឱ្យឃើញនូវទម្រង់អគារមានភាពច្បាស់លាស់ ហ្មត់ចត់ ប្រណីតភាព ស្ងប់ស្ងាត់ រឹងមាំ ដែលស័ក្ដិសមជាប្រភេទអគាររដ្ឋបាលសម្រាប់ស្ថាប័នជាតិ។ ផ្នែកដំបូលជាផ្នែកមួយដែលមានភាពសំខាន់បំផុតនៃសំណង់ស្ថាបត្យកម្មមួយនេះ ដោយយកលំនាំដំបូលប៉ិតរបស់ខ្មែរប្រក់ក្បឿងស្រកាលេញ ឬក្បឿងក្បាច់ ដែលមានភាពទន់ភ្លន់ សមសួន ថ្លៃថ្នូរ ក្បូរក្បាច់រចនាជាលក្ខណៈខ្មែរ។

អគារថ្មីនេះ មានមុខងារប្រើប្រាស់ ជាការិយាល័យធ្វើការរបស់ថ្នាក់ដឹកនាំ គ.ជ.ប ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីអគ្គលេខាធិការដ្ឋាន គ.ជ.ប ដែលបច្ចុប្បន្នមានអគ្គនាយក-ដ្ឋានចំនួន៣ នាយកដ្ឋាន និងអង្គភាពជំនាញចំនួន១០ លេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន១ និងមានសមត្ថភាព អាចផ្ទុកមនុស្សបានប្រមាណ ២,៧០០នាក់៕

To Top