ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីជំងឺផ្តាសាយបក្សី លើស្ត្រីអាយុ ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
បើតាម ក្រសួងសុខាភិបាល បានឱ្យដឹងថា មានអ្នក ជំងឺផ្តាសាយបក្សី មួយករណីទៀត កើតលើស្ត្រីអាយុ ៣៦ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ អ្នកជំងឺមាន ទីលំនៅក្នុងភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។
គឺជាករណីទី១១ សម្រាប់ឆ្នាំ២០២៥ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាករណីទី៤ ក្នុងខេត្តសៀមរាប (ទីលំនៅ ក្នុងភូមិខុសគ្នា ចំងាយប្រមាណ បីគីឡូម៉ែត្រ ពីអ្នកជំងឺផ្តាសាយបក្សី៣ករណីមុន)។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិត ក្រោមការខិតខំព្យាយាមជួយសង្គ្រោះ ដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា នៅផ្ទះ អ្នកជំងឺ មានមាន់ឈឺនិងងាប់ ហើយដែលអ្នកជំងឺបានកាន់ និងប៉ះពាល់ផ្ទាល់ រួចយកទៅកប់។
ក្រុមឆ្លើយតបបន្ទាន់របស់ ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុង សហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល គូសបញ្ជាក់ថា «សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើ ជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ»៕
