ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ភាគីជប៉ុនថា រហូតមកដល់ពេលនេះ ទោះបីជាជម្លោះព្រំដែន រវាងកម្ពុជា-ថៃ បានអូសបន្លាយ ជាងមួយខែទៅហើយក្តី ក៏កម្ពុជាមិនទាន់ត្រូវការប្រទេសទី៣ ឲ្យមកចូលរួមចំណែកដោះស្រាយ នៅឡើយទេ ។

បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹង ក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោនិងលោក Nagashima Akihisa សមាជិករដ្ឋសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន នាថ្ងៃ១ កក្កដាថា អ្វីដែលកម្ពុជា កំពុងត្រូវការនោះគឺ ការជំរុញឲ្យមានការដោះស្រាយ តាមរយៈយន្តការ សន្តិវិធីពោលគឺយន្តការច្បាប់អន្តរជាតិ ។ លោកថា តាមរយៈនេះសម្តេច បានស្នើទីប្រឹក្សានាយករដ្ឋមន្រ្តីជប៉ុន ជួយពាំនាំប្រសាសន៍សម្តេច ទៅនាយករដ្ឋមន្រ្តីជប៉ុន ឲ្យជួយជំរុញមេដឹកនាំថៃឡើង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ប្រទេសហូឡង់(ICJ) ជាមួយកម្ពុជា ដែលនេះគឺជាយន្តការអន្តរជាតិ សម្រាប់ប្រទេសទាំងពីរដោះស្រាយដោយសន្តិវិធី ។

លោក ជា ធីរិទ្ធបញ្ជាក់ថា “ក្នុងឱកាសនោះសម្តេចតេជោ បានឆ្លៀតឱកាសប្រាប់ទៅទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុនថា កម្ពុជាមកដល់ពេលនេះ មិនទាន់ត្រូវការភាគីទី៣ ក្នុងការចូលរួមចំណែក ដោះស្រាយបញ្ហាព្រំដែន រវាងកម្ពុជា-ថៃទេ ។ ភាគីទី៣ចង់សំដៅលើប្រទេសទី៣ ដែលចូលរួមចំណែកក្នុងការដោះ សា្រយបញ្ហារវាងកម្ពុជានិងថៃ” ។

ជាកិច្ចឆ្លើយតប ទីប្រឹក្សានាយករដ្ឋមន្រ្តីជប៉ុន បានសន្យានៅ ចំពោះមុខសម្តេចតេជោថា នឹងនាំសារ របស់សម្តេចតេជោ ពាក់ព័ន្ធវិវាទព្រំដែន កម្ពុជា-ថៃ ទៅកាន់នាយករដ្ឋមន្រ្តីខ្លួន ជាពិសេសលើការស្នើសុំ របស់សម្តេចជំរុញឲ្យភាគីថៃឡើងទៅតុលាការICJជាមួយកម្ពុជា ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅតំបន់មុំបី ក្នុងខេត្តព្រះវិហារបានផ្ទុះឡើង បង្កឲ្យយោធាកម្ពុជា បាត់បង់ជីវិត ដោយសារស្នាដៃយោធាថៃ លបបាញ់ប្រហារ ។ បន្ទាប់ពីករណីផ្ទុះអាវុធនេះ កើតឡើងកម្ពុជា ក៏ប្រកាសដាក់ពាក្យបណ្តឹងទៅកាន់ICJ ខណៈភាគីថៃមិនព្រមចំពោះបណ្តឹងនេះ ដោយស្នើដោះស្រាយទ្វេភាគី ៕
