ព័ត៌មានជាតិ

សម្តេចតេជោ ៖ បើថៃនៅតែរំលោភបំពានកម្ពុជា គឺយើងប្រើសិទ្ធិ ការពារវាយបកវិញហើយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ អំពីជម្លោះវិវាទ ព្រំដែនកម្ពុជា-ថៃកំពុងកើតមានឡើង នាពេលបច្ចុប្បន្នថា កម្ពុជា មានគោលជំហរដោះស្រាយ ដោយសន្តិវិធី តាមយន្តការតុលាការ យុត្តិធម៌អន្តរជាតិ(ICJ) ប៉ុន្តែបើថៃ នៅតែបំពានគឺកម្ពុជាប្រើសិទ្ធិការពារ វាយបកទៅវិញហើយ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ និងលោកទូត នាថ្ងៃ១ កក្កដាថា តាំងផ្ទុះជម្លោះភ្លាមៗ នាចុងខែឧសភា បង្កឲ្យទាហានខ្មែរស្លាប់ និងការបិទទ្វារព្រំដែន ជាឯកតោភាគី គឺកម្ពុជាបានស្វះស្វែង រកដំណោះស្រាយតាមផ្លូវច្បាប់ តាមការដាក់ ពាក្យបណ្តឹងទៅ ICJ ឲ្យធ្វើជាអ្នកកាត់សេចក្តី ដើម្បីបញ្ចប់កុំឲ្យអូសដំណើរវែងឆ្ងាយទៅមុខ រហូតដល់អ្នកជំនាន់ក្រោយ ។

អ្នកនាំពាក្យព្រឹទ្ធសភាបន្តថា “សម្តេចបានបញ្ជាក់ថា កម្ពុជាទាំងសម្តេចក្តី និងសម្តេចធិបតីផ្ទាល់ គឺមិនចង់មានបញ្ហាសង្គ្រាម ជាមួយនឹងប្រទេសជិតខាងនោះទេ គឺយើងចង់ដោះស្រាយបញ្ហា ដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ ។ ប៉ុន្តែប្រសិនបើនៅតែមានការបំពាន ឈ្លានពានមកលើទឹកដីរបស់យើង គឺយើងត្រូវប្រើសិទ្ធិការពារ វាយបកត្រឡប់ទៅវិញ” ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានចំណាយ ពេលវេលាពន្យល់អំពីជម្លោះព្រំដែន ជាមួយថៃ ។ ឯកឧត្តមទូតថា ឯកឧត្តមបានរៀនសូត្រ យកបទពិសោធន៍យ៉ាងច្រើនពីសម្តេចតេជោ ដែលអ្នកយុទ្ធសាស្រ្តដ៏អស្ចារ្យ ក្នុងការដឹកនាំប្រទេស ។ នៅពេលទៅប្រទេសកំណើតវិញ លោកនឹងយកកម្ពុជា ធ្វើជាគំរូដើម្បីជាកញ្ចក់ដោះស្រាយ បញ្ហានិងអភិវឌ្ឍន៍ទីម័រ ។

សូមបញ្ជាក់ថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេនេះ ត្រូវបានសម្តេចតេជោ បានជួយជ្រោមជ្រែកឲ្យក្លាយ ជាអ្នកអង្កេតការណ៍នៅតំបន់អាស៊ាន កាលពីអំឡុងឆ្នាំ២០២២ ហើយអ្វីកាន់ល្អឥតខ្ចោះរកអ្វីប្រៀបផ្ទឹមមិនបាននោះ ក្រោមការជួយជ្រោមជ្រែក ពីសំណាក់សម្តេចតេជោគឺការនាំទីម័រ ឲ្យក្លាយជាសមាជិកពេញសិទ្ធិ របស់អាស៊ាននៅខែតុលា ឆ្នាំ២០២៥ខាងមុខ ៕

To Top