ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង (Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ដើម្បីផ្តល់ឱកាសការងារភ្លាមៗជូនបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែន។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ក្នុងដំណើរចុះសួរសុខទុក្ខបងប្អូនពលករពីប្រទេសថៃ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ថា ក្រសួងបានរៀបចំស្តង់ពិព័រណ៌ការងារសម្រាប់តំបន់ PPSEZ, តំបន់ Zhejiang, សមាគម TAFTAC និងរោងចក្រ Spot Tech ដើម្បីផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មនៅតាមព្រំដែនកម្ពុជា-ថៃ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«យើងមាន PPSEZ, Zhejiang, TAFTAC និងរោងចក្រ Spot Tech សុទ្ធតែត្រូវការកម្លាំងពលកម្មច្រើនណាស់ បើសរុបទៅ ក្នុងមួយសប្ដាហ៍ យើងរើសកម្លាំងពលកម្ម ២៥ម៉ឺនកន្លែង។ ក្នុងការនោះការងារនៅក្នុងរោងចក្រមានចំនួន ២១ម៉ឺនកន្លែង ហើយការងាររោងចក្រយើង ក៏មានលក្ខខណ្ឌការងារល្អដែរ គឺមានទាំងការថែទាំសុខភាព អត្ថប្រយោជន៍ផ្សេងៗ និងមានទាំងប្រាក់សោធននិវត្តន៍ផងដែរ»។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការនាំយកក្រុមហ៊ុនធំៗទៅសម្ភាសន៍ផ្តល់ការងារភ្លាមៗនេះ គឺជាការយកចិត្តទុកដាក់ដល់ពលករដែលត្រឡប់ពីប្រទេសថៃដើម្បីទទួលបានការងាភ្លាមៗ។

សូមបញ្ជាក់ថា មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងរង់ចាំទទួលស្វាគមន៍ និងផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របស់ ប.ស.ស. ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតវិញ៕




