ព័ត៌មានជាតិ

លោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ អនុញ្ញាតឱ្យនាយិកាអង្គការអុកស្វាម (OXFAM) ប្រចាំកម្ពុជា និងសហការី​ចូលជួប​សម្ដែង​ការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ លោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម (OXFAM) ប្រចាំកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ទាក់ទងនឹងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ជាកិច្ចស្វាគមន៍ លោកស្រី​ សុវណ្ណ វណ្ណារតន៍ បានសម្ដែងក្ដីរីករាយចំពោះកិច្ចសហការក្នុងការអភិវឌ្ឍន៍វិស័យការងារ ប្រកបដោយបរិយាបន្នរួមគ្នាជាមួយអង្គការ OXFAM នាពេលកន្លងមក ក៏ដូចជាពេលខាងមុខ។ លោកជំទាវមានប្រសាសន៍បន្តដោយបង្ហាញដល់ភាគីអង្គការ ស្វែងយល់បន្ថែមពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា សម្រាប់ទិសដៅអភិវឌ្ឍន៍នានារបស់ OXFAM ជាបន្តបន្ទាប់។

នៅក្នុងជំនួបនេះដែរ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការ OXFAM ប្រចាំកម្ពុជា បានសំដែងសេចក្ដីរីករាយ ដែលកន្លងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងតែសហការបានយ៉ាងល្អជាមួយអង្គការ OXFAM ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នានា។

បន្ថែមលើនេះ លោកស្រី​សូមកោតសរសើរខ្ពស់ចំពោះការសហការនានា ថ្វីត្បិតភាគីទាំងពីរឈរនៅទីតាំងផ្សេងគ្នា តែភាគីទាំងពីរមានបេសកកម្មរួមគ្នាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា៕

To Top