ព័ត៌មានជាតិ

UNDP ៖ គ្មានការអភិវឌ្ឍណា អាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១ ខែកក្កដា ២០២៥ នៅវិមានសន្ដិភាព លោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា (UNDP) បានលេីកឡេីងថា គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ។

ក្នុងជំនួបនេះ លោកស្រី Alissar Chaker បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសនេះ។

ក្នុងនោះលោកស្រី Alissar Chaker បានគោរពជម្រាបជូនសម្ដេចធិបតី អំពីសមិទ្ធផល នៃភាពជាដៃគូដ៏ល្អរវាងUNDP និងរាជរដ្ឋាភិបាលកម្ពុជា ដោយបានរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយ UNDP, ជាពិសេស នៅក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកស្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះកម្ពុជា ដែលគ្រោងនឹងចាកចេញ ពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) នៅក្នុងឆ្នាំ ២០២៩ ដែលនេះគឺជាជោគជ័យមួយបន្ថែមទៀត របស់កម្ពុជា ហើយលោកស្រី សង្ឃឹមថា UNDP នឹងបន្តចូលរួមចំណែក និងគាំទ្រដល់កម្ពុជា នៅក្នុងការរៀបចំការចាកចេញនេះ។

បន្ថែមលេីនេះ លោកស្រី ក៏បានកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជា លើសកម្មភាពបោសសម្អាតមីន ដោយលោកស្រី បានគូសបញ្ជាក់ថា ជាមួយនឹងការគាំទ្រ ពីអង្គការសហប្រជាជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា, កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចាត់ចែងលើសកម្មភាពបោសសម្អាតមីនដោយប្រសិទ្ធភាព, ប្រកបដោយភាពម្ចាស់ការ និង ស្វ័យប្រវត្តិ។

លោកស្រី Alissar Chaker ក៏បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេស ដែលមានសក្តានុពលជាច្រើន និងជាប្រទេសដែលបានចាប់ផ្ដើម កសាងប្រទេសឡេីងវិញ ពីចំណុចសូន្យ ក្រោយពីសង្គ្រាម ឱ្យមានការអភិវឌ្ឍ លេីគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។

លោកស្រីបានសង្កត់ធ្ងន់ថា សន្តិភាពបាននាំមកនូវការអភិវឌ្ឍ ហើយគ្មានការអភិវឌ្ឍណា ដែលអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ។

លោកស្រី Alissar Chaker មានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យ របស់សម្ដេចបវរធិបតី,  កម្ពុជានឹងកាន់តែមានការអភិវឌ្ឍ, រីកចម្រើន និង រឹងមាំបន្ថែមទៀត។

លោក ស្រី Alissar Chaker ក៏បានជម្រាបជូន សម្តេចធិបតី អំពីការបន្ត កិច្ចសហប្រតិបត្តិការរបស់ UNDP ជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ កម្ពុជា និងសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹង នៅតែបន្តកិច្ចសហប្រតិបត្តិការ ជាមួយ UNDP ក្នុងភាពជាដៃគូប្រកបដោយទំនុកចិត្ត។

ជាឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងអរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការ របស់ UNDP តាមរយៈកម្មវិធីនានា ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា និងបានផ្តល់នូវ ផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជនកម្ពុជា។

សម្តេចធិបតី បានគូសបញ្ជាក់ថា ចាប់តាំងពីកម្ពុជា បានបញ្ចប់សង្រ្គាមទាំងស្រុង នៅចុងឆ្នាំ១៩៩៨, រាជរដ្ឋាភិបាលបានខិតខំកៀរគរ ប្រមូលកម្លាំង និងធនធានមនុស្ស ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្ដេចធិបតី គូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្ដោតទៅលើប្រជាជនជាចម្បង តាមរយៈការពង្រឹងវិស័យអប់រំ , វិស័យសុខាភិបាល, ការបង្កើតការងារជូនដល់ប្រជាជនកម្ពុជា សំដៅដល់ការលេីកកម្ពស់ មូលធនមនុស្សកម្ពុជា ព្រមទាំង ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធគាំពារសង្គម និងការបណ្ដុះបណ្ដាលជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១.៥ លាននាក់ ឱ្យមាន ចំណេះដឹង និង ជំនាញ មួយច្បាស់លាស់ ដែល នឹង រួម ចំណែកដល់ ការ ត្រៀមខ្លួន របស់ កម្ពុជាក្នុងការចាកចេញ ពី ប្រទេស ដែល មាន ការ អភិវឌ្ឍ តិចតួច (LDC) នៅ ឆ្នាំ ២០២៩ ប្រកប ដោយ ភាព ធន់។

មុននឹងបញ្ចប់ សម្ដេចធិបតី បានគូសបញ្ជាក់អំពី ការបន្តការគាំទ្រ ដល់កិច្ចសហប្រតិបត្តិការ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹង UNDP និងលេីកទឹកចិត្ត ដល់ UNDP ឱ្យបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការក្នុង ភាព ជាដៃគូ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត៕

To Top