ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា”

ភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា”។


លោក ជា វ៉ាន់ដេត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានគូសបញ្ជាក់ថាការវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា ដែលសហការរៀបចំដោយអង្គការយូណេស្កូនិងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ពិតជាបានអនុវត្តចំពេលវេលា និងមានការពិនិត្យគ្រប់ទិដ្ឋភាពនិងក្លាយជាមូលដ្ឋានច្បាស់លាស់សម្រាប់ការរៀបចំនិងកែសម្រួលសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ឱ្យកាន់តែឆ្លើយតបនឹងតថភាពពិតប្រាកដ។

បន្ថែមលើនេះ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័នវាយតម្លៃអំពីកម្រិតហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងករណីប្រើប្រាស់នីមួយៗក្នុងវិស័យខ្លួន ដើម្បីជ្រើសរើសវិធានការឆ្លើយតបដែលសមស្រប សំដៅគ្រប់គ្រងបាននូវហានិភ័យ តែមិនធ្វើឱ្យប៉ះពាល់ដល់នវានុវត្តន៍។


រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បានថ្លែងនូវការគាំទ្រក្នុងនាមក្រសួងជំនាញបច្ចេកទេស នឹងផ្ដល់ការគាំទ្រតាមលទ្ធភាពនិងទិសដៅអាទិភាពដែលបានរៀបចំនៅកម្រិតជាតិ។ និយាយសាមញ្ញ៖ តួអង្គពាក់ព័ន្ធគ្រប់វិស័យ“មិនចាំបាច់ទាល់តែធ្វើការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបអាចគិតពី AI ទេ ប៉ុន្តែបើត្រូវការជំនួយនិងអ្នកជំនាញ AI សូមកុំភ្លេចគិតដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។”

យោងតាមរបាយការណ៍ បានឱ្យដឹងថា តាំងពីឆមាសទី១ ឆ្នាំ២០២៤ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានស្រាវជ្រាវ និងរៀបរៀងខ្លឹមសារនៃសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។ ក្នុងដំណើរការនេះ ដើម្បីវាយតម្លៃភាពរួចរាល់របស់កម្ពុជា ក្នុងការចាប់យកនិងអភិវឌ្ឍបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងអង្គការយូណេស្កូ ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់ផ្ដើមវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤មកតាមវិធីសាស្ត្ររបស់អង្គការយូណេស្កូ ដែលមានការទទួលស្គាល់ជាសាកលនិងបានប្រើប្រាស់នៅប្រមាណ៦០ប្រទេសជុំវិញពិភពលោក។ លទ្ធផលសំខាន់ៗ នៃការវាយតម្លៃនេះ ត្រូវបានបញ្ចូលក្នុងសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ដែលត្រូវបានអភិវឌ្ឍទន្ទឹមគ្នានិងចេញជាសេចក្ដីព្រាងដំបូងនៅខែកុម្ភៈ ឆ្នាំ២០២៥។

តាមរយៈកិច្ចសហការ និងការគាំទ្រពីគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វ៊ិកនៃអង្គការសហប្រជាជាតិ (អេស្កាប់) សេចក្ដីព្រាងដំបូង ត្រូវបានដាក់ពិគ្រោះយោបល់ក្នុងបណ្ដាញអ្នកជំនាញក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិកអនឡាញចំនួនពីរលើក។ សេចក្ដីព្រាងនេះ ត្រូវបានកែសម្រួលជាបន្តបន្ទាប់ និងឆ្លងកាត់សិក្ខាសាលាពិនិត្យស៊ីជម្រៅនៅរាជធានីភ្នំពេញរយៈពេលពីរថ្ងៃនាដើមខែមេសា និងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីនិងពហុភាគីជាមួយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ចំនួន១០លើក។

គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ ការវាយតម្លៃផ្នែកបញ្ញាសិប្បនិម្មិតកម្ពុជា បានបញ្ចប់របាយការណ៍ផ្លូវការរួចរាល់ រីឯសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ត្រូវបានកែសម្រួលចេញជាកំណែទី៤ ដែលមានបញ្ចូលធាតុចូលរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ។


ក្នុងចំណោមបច្ចេកវិទ្យាឌីជីថលឈានមុខ បញ្ញាសិប្បនិម្មិតជាបច្ចេកវិទ្យាមានភាពលេចធ្លោជាងគេ នាំមកទាំងកាលានុវត្តភាពនិងហានិភ័យ ដែលទាមទារឱ្យមានការគ្រប់គ្រងប្រកបដោយការគិតគូរជាយុទ្ធសាស្ត្រ។ កន្លងមក ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយរដ្ឋាភិបាលកម្ពុជា២០២២-២០៣៥ បានកំណត់វិធានការគោលនយោបាយគន្លឹះនិងសកម្មភាពអាទិភាពពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតរួចរាល់ ដែលបង្ហាញពីការគិតគូរជាមុនរបស់អ្នករៀបចំគោលនយោបាយ ប៉ុន្តែការរីកសាយការវិវឌ្ឍយ៉ាងឆាប់រហ័ស និងភាពងាយស្រួលប្រើប្រាស់របស់បញ្ញាសិប្បនិម្មិតនិយាយជារួម និងបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (generative artificial intelligence) និយាយដោយឡែក ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធលៃលកជាថ្មីឱ្យបានឆាប់រហ័ស ដើម្បីតាមទាន់ស្ថានការណ៍តំបន់និងសកល៕
 

To Top