ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី ៖ ចំពោះកិច្ចការការពារបូរណភាពទឹកដី និងមុខមាត់ប្រទេសជាតិ ប្រជាជនខ្មែរ ត្រូវតែរួបរួមគ្នា

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង មុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា បានលើកឡើងថា ចំពោះកិច្ចការការពារបូរណភាពទឹកដី និងមុខមាត់ប្រទេសជាតិ ប្រជាជនខ្មែរ ត្រូវតែរួបរួមគ្នា ។

ការលើកឡើងរបស់ ឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខតាមបណ្ដោយព្រំដែន ទិសទី២ និងទិសទី៣ ខេត្តឧត្តរមានជ័យ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មកពីមជ្ឍដ្ឋានផ្សេងៗគ្នា ក្នុងនោះមានតំណាងមកពីវស័យរដ្ឋ វិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា ដែលបានចំណាយពេលវេលា និងធនធាន មកដល់ទីតាំងដើម្បីផ្តល់ជាកម្លាំងចិត្ត និងការគាំទ្រដល់កងទ័ពជួរមុខ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្ដី ក៏បានកោតសរសើរ និង បង្ហាញនូវមោទនភាព ដែលទទួលបានភាព កក់ក្តៅជាស្មារតីរួម ក្រោមការត្រៀមខ្លួនយ៉ាងស្វាហាប់ របស់កងកម្លាំងមិនរាថត ក្នុងការការពារបូរណភាពទឹកដី។

លោកឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី មានប្រសាសន៍ថា «ចំពោះកិច្ចការការពារបូរណភាពទឹកដី និងមុខមាត់ប្រទេសជាតិ ប្រជាជាជនខ្មែរ ត្រូវតែរួបរួមគ្នា»។ ដោយក្នុងនោះ លោក បានគូសបញ្ជាក់ពីការចូលរួម របស់ប្រជាជនខ្មែរ គ្រប់ស្រទាប់វណ្ណៈ។

សូមបញ្ជាក់ថា អំណោយដែលនាំយកមក ប្រគល់ជូនកងទ័ពនាពេលនេះ គឺជាការរួមពីសមាជិក សមាជិការ ស.ស.យ.ក. វិស័យឯកជន គ្រឹះស្ថានអប់រំ និងបងប្អូនប្រជាពលរដ្ឋ ដែលបង្ហាញពីការគាំទ្រពីសមភូមិក្រោយ (ប្រជាជន) ដល់កងទ័ពដែលឈរត្រៀមនៅសមរភូមិមុខ។

គួររំលឹកដែរថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ សហភាព សហព័ន្ធយុវជនកម្ពុជា បានផ្ដួចផ្ដើម រៀបចំកម្មវិធីដំណើរថ្មើរជើង “Solidarity March” ដែលមានការចូលរួមពីប្រជាជនកម្ពុជា ប្រមាណ ១៥មុឺននាក់ ក្នុងស្មារតីគាំទ្រដល់ចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជា លើការដោះស្រាយ បញ្ហាព្រំដែន ជាមួួយប្រទេសជិត ខាងក្រោមស្មារតី “ខឿនការពារជាតិប្រជាជន ជាខែលការពារជាតិដ៏រឹងមាំ”៕

To Top