ព័ត៌មានជាតិ

ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច បាននិមន្តមកដល់កម្ពុជា

ភ្នំពេញ៖ ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បាននិមន្តមកព្រះរាជាណាចក្រកម្ពុជាវិញ ដោយមានការទទួលដោយ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នៅអាកាសយានដ្ឋា​នអន្តរជាតិភ្នំពេញ ។

ក្នុងដំណើរអញ្ជើញ ដល់ប្រទេសកម្ពុជាវិញនេះ ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឳស៊ុច បានសម្រេចព្រះទ័យ មិននិមន្តទៅប្រទេសថៃ វិញជាដាច់ខាត។

លោក សុខ ពេញវុធ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងព្រះគ្រូនាគសត្ថា សុខុមោ នី សុវណ្ណមុនីរ៉េត បាននិមន្តនិងជូនដំណើរ ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច ទៅកាន់វត្តនាគវន្ត ក្នុងខណ្ឌទួលគោក។ ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច ជាព្រះសង្ឃមួយអង្គ មានស្រុកកំណើត នៅខេត្តបូរីរាំព្រះរាជាណាចក្រថៃ ។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រកាស ស្វាគមន៍យ៉ាងកក់ក្តៅ ការនិមន្តមកប្រទេសកម្ពុជា ពីសំណាក់ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច ។ ជាមួយគ្នានេះមានព្រះសង្ឃ និងតាជី យាយជី រាប់រយនាក់ បាននិមន្តនិងអញ្ជើញមកទទួលស្វាគមន៍ ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច ផងដែរ។

ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច ជាព្រះសង្ឃមួយអង្គ ដែលតែងតែមានសង្ឃដីកាពិត និងទេសនាអ្វីដែលជាសច្ចភាព បច្ចុប្បន្ននិងអនាគត ចែកជូនដល់ពុទ្ធបរិស័ទ្ធជានិច្ច ហើយអ្វីដែលលោកឪមានសង្ឃដីកាចុងក្រោយនេះ ក៏ជាពាក្យពិត ដែលធ្វើឱ្យថៃខ្លាចការពិត ខ្លាចសច្ចធម៌ មិនហ៊ានប្រឈមមុខនឹងច្បាប់អន្តរជាតិ ។

ក្នុងដំណើរនិមន្តអញ្ជើញដល់នាពេលនេះ ព្រះអង្គមានព្រះទ័យ សប្បាយរីករាយណាស់ ដោយព្រះអង្គតូចទាប មិនមានបុណ្យស័ក្តអ្វីទេ តែត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យព្រះអង្គនិមន្តមកប្រទេសកម្ពុជា ដោយការស្វាគមន៍យ៉ាងកក់ក្តៅបំផុត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជានិច្ច ចំពោះគ្រប់ព្រះតេជគុណ ព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារមានសង្ឃដីកា ឬបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន មករស់នៅនៅប្រទេសកម្ពុជា។ ទាក់ទងនឹងការទទួលស្វាគមន៍ព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអះអាងថា វាមិនមែនជារឿងថ្មីនោះឡើយ ព្រោះកម្ពុជាក៏ធ្លាប់ជួយ ដល់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន និងលោក យ៉ីងឡាក់ ដែលជាឪពុកបង្កើត និងម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ ៕

To Top