ភ្នំពញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ព្រឹត្តិការណ៍សម្លចាណាងឆ្នាំងយក្ស គឺជាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារ ហើយបានបង្ហាញអំពីអត្តសញ្ញាណ របស់ខេត្តរតនគិរី ។

ការលើកឡើងរបស់ រដ្ឋមន្ត្រី ហួត ហាក់ ក្នុងព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» លើកទី១ នៅថ្ងៃទី១ កក្កដា ដែលជាព្រឹត្តិការណ៍ទេសចរណ៍ថ្មី មួយទៀត របស់ខេត្តរតនគិរី ក្នុងឆ្នាំ២០២៥ នេះ ដើម្បីជំរុញយុទ្ធនាការទស្សនាកម្ពុជា នារដូវកាលបៃតង (Green Season)។

ក្នុងព្រឹត្តិការណ៍ដ៏ថ្មី ប្លែក និងទាក់ទាញនេះ មានការអញ្ជើញចូលរួមពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំង ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងលោកយាយ លោកតា អ៊ំ ពូ មីង ប្អូនៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

លោករដ្ឋមន្ត្រី មានប្រសាសន៍ថា «ព្រឹត្តិការណ៍សម្លចាណាងឆ្នាំង យក្សលើកទី១នេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារ ពិតជាមាន លក្ខណៈពិសេសដោយឡែកមួយ ដែលបានបង្ហាញអំពីអត្តសញ្ញាណរបស់ខេត្តរតនគិរី គឺសម្លចាណាងរបស់បងប្អូនជនជាតិដើមភាគតិច ដែលមានតាំងពីយូរលង់ណាស់មកហើយ និងមានឱជារសឆ្ងុយឆ្ងាញ់ ព្រមទាំងផ្តល់នូវសុខភាពល្អ ពិសេសបានជំរុញចលនាទេសចរណ៍ក្នុងស្រុក និងការលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ» ។

សូមជម្រាបជូនបន្ថែមថា ព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” លើកទី១ ឆ្នាំ២០២៥ បានប្រារព្ធរយៈពេល ២ថ្ងៃគឺ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា នៅបរិវេណគ្រួសារដំរី មាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕
