ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅវិមានសន្តិភាព ក្នុងឱកាស លោកនាយករដ្ឋមន្រ្តី សិង្ហបុរី ដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតី ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះជ័យជំនះរបស់ឯកឧត្តម និងគណបក្ស People’s Action Party ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ ដែលលទ្ធផលនេះ ស្តែងឱ្យឃើញនូវទំនុកចិត្ត និងការជឿជាក់របស់ប្រជាជនសិង្ហបុរី ចំពោះការដឹកនាំ របស់ឯកឧត្តមនាយករដ្ឋមន្ត្រី ។
ជាការឆ្លើយតប, លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ស្របពេលខួបទី៦០ នៃការបង្កេីតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ និងបានឆ្លុះបញ្ចាំង អំពីភាពជាដៃគូយូរអង្វែង និងរឹងមាំ រវាងប្រទេសយើងទាំងពីរ ក្នុងពេលបច្ចុប្បន្ន និង តទៅអនាគត។

ថ្នាក់ដឹកទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ យូរអង្វែង និងប្រកបដោយផ្លែផ្កា រវាងកម្ពុជា និង សិង្ហបុរី ព្រមទាំងសម្ដែងក្ដីរីករាយ និង ស្វាគមន៍ ចំពោះការរៀបចំនូវព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួបទី៦០ នៃការបង្កេីតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានវាយតម្លៃខ្ពស់ អំពីការសម្រេចបាន នូវសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគ្រប់កម្រិត និងគ្រប់វិស័យ, ព្រមទាំងប្ដេជ្ញាបន្តជំរុញពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងក្របខ័ណ្ឌទ្វេភាគី, ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, ការតភ្ជាប់ប្រជាជន និងប្រជាជន, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សន្តិសុខស្បៀង និងថាមពល, និង ការបណ្តុះបណ្តាលជំនាញ និង វិជ្ជាជីវៈ ។ ក្នុងក្របខ័ណ្ឌពហុភាគី, ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ៕
