ព្រៃវែង ៖ ពាក់ព័ន្ធបញ្ហាពំ្រដែនរវាងកម្ពុជា ជាមួយបណ្ដាប្រទេសជិតខាង ! សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា «មានអ្នកជិតខាងល្អដូចមានមាស មានអ្នកជិតខាងអាក្រក់ ដូចមានមីន»។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ស្របពេលបញ្ហាព្រំដែនរវាង កម្ពុជា-ថៃ កំពុងកើនកម្ដៅជាបន្តបន្ទាប់ ក្រោយពីទាហានថៃបានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរ ព្រមទាំងគំរាមផ្ដាច់អ៊ីនធើណិត ប្រេសងសាំង និងបិទព្រំដែនដោយឯកតោភាគី នាពេលកន្លងទៅ។
នាឱកាសអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែលបានខិតខំកសាងច្រកអន្តរជាតិនេះឡើង ហើយតាមរយៈច្រកអន្តរជាតិម៉ឺនជ័យនេះ និងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះដូរទំនិញរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសផលិតកសិផល កសិកម្មរបស់ប្រជាពលរដ្ឋដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសទាំងពីរ។

សម្ដេចតេជោ បានជំរុញឱ្យអាជ្ញាធរខិតខំ ប្រែក្លាយតំបន់ព្រំដែននេះ ឱ្យក្លាយទៅជាព្រំដែន សុខសន្តិភាព ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សុំថាតាមព្រំដែននីមួយៗ បញ្ហាធំជាងគេ គឺត្រូវខិតខំយ៉ាងម៉េច? ធ្វើទំនាក់ទំនងឱ្យបានល្អ រឿងប៉ុណ្ណឹងទេ។ និយាយតាមមួយបែបទៅថា មានអ្នកជិតខាងល្អដូចមានមាស មានអ្នកជិតខាងអាក្រក់ គឺដូចមានមីន រឿងហ្នឹងវាអ៊ីចឹង»៕
