ព័ត៌មានជាតិ

សមត្ថកិច្ច បង្រ្កាបករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេន តាមអនឡាញ

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានបើកការស្រាវជ្រាវ ករណីឆបោកប្រាក់ផ្សព្វផ្សាយទិញ-លក់ផ្លែទុរេន តាមបណ្ដាញទំនាក់ទំនងសង្គម។

បើយោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ប្រតិបត្តិការអនុវត្តតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ២រូប ឈ្មោះ ឈ.ឆ ភេទប្រុស និង ឈ្មោះ ហ.គ.ន ភេទស្រី។

តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ករណីនេះជាប់ពាក់ព័ន្ធជាមួយជនសង្ស័យ ៣រូប។ ជនសង្ស័យ ២នាក់ខាងលើ ជាម្ចាស់គណនីធនាគារ ដែលជាមធ្យោបាយទទួលប្រាក់ពីបទល្មើស និងជនសង្ស័យម្នាក់ទៀតឈ្មោះ ឈ.ប ភេទប្រុស ជាអ្នកគ្រប់គ្រង ប្រើប្រាស់គណនីធនាគារទាំងនេះធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់យ៉ាងសកម្ម ហើយពេលនេះកំពុងរត់គេចពីការចាប់ខ្លួនរបស់សមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យ ២រូបខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សាធារណជន ជាពិសេសអ្នកនិយមទិញទំនិញអនឡាញ តាមបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាប្រុងប្រយ័ត្ន និងត្រួតពិនិត្យ វិភាគ ឱ្យច្បាស់លាស់ទៅលើគណនី ឬទំព័រហ្វេសប៊ុកនានា ដែលផ្សព្វផ្សាយពីការលក់ទំនិញតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ៕

To Top