ភ្នំពេញ ៖ លោក ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ និងពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់ គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។

គិតមកដល់ពេលបច្ចុប្បន្ន ក្រុមការងារបានបន្តចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូបសម្រាប់គម្រោងព្រែកជីកហ្វូណនតេជា កំណាត់ទី២ ក្នុងខេត្តកំពត និងកែប ខណៈកំណាត់ទី១ ក្នុងខេត្តកណ្តាល តាកែវ សម្រេចបាន ១០០% ហើយ។

សម្រាប់កំណាត់ទី១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល មានប្រវែង ២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ ដល់ព្រែកពោធិ៍ ក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការងារវាស់វែង ក្បាលដី ដែលរងផលប៉ះពាល់រួចរាល់ហើយ។ ក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងបន្តអនុវត្តនីតិវិធីពាក់ព័ន្ធដើម្បីបញ្ចប់ការងារ៕

