ព័ត៌មានជាតិ

កម្ពុជា​ ជាដៃគូដ៏ស្មោះស្ម័គ្រ និងជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងការអះអាងនៅចំពោះមុខមន្រ្តីស្ថានទូតអាម៉េរិកថា កម្ពុជាជាដៃគូដ៏ស្មោះស្ម័គ្រ និងជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក ហើយជឿជាក់យ៉ាងមុតមាំថា មិត្តភាពនេះ នឹងបន្តរីកចម្រើនប្រកបដោយភាពរឹងមាំ ជាមួយទិសដៅ​និងសារៈសំខាន់ជាយុទ្ធសាស្រ្ត។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅក្នុងពិធីបុណ្យឯករាជ្យ លើកទី​២៤៩របស់សហរដ្ឋអាមេរិក នាល្ងាចថ្ងៃព្រហស្បត្តិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា “អស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកនេះ ប្រទេសយើងទាំងពីរ បាន​កសាង​ភាព​ជាដៃគូ​យ៉ាង​រឹងមាំ និងកាន់តែស្អីតរមួត ដោយផ្អែក​លើគោលការណ៍នៃ​ការគោរព​គ្នា​ទៅវិញទៅមក​ និងកិច្ចសហប្រតិបត្តិការ”។

ជាប្រធានក្រុមការងារចរចាពន្ធបដិការរបស់ជារាជរដ្ឋាភិបាលកម្ពុជា ជាមួយសហរដ្ឋអាម៉េរិកផងនោះ លោក ស៊ុន ចាន់ថុល ក៏មិនភ្លេចផ្ញើនូវសេចក្តីអំណរសាទរ ជូនចំពោះប្រធានាធិបតី ដូណាល់ ត្រាំ និងជំទាវទី១។

លោកឧបនាយករដ្ឋមន្រ្តី បន្តថា “អរគុណទៅដល់សន្តិភាព ស្ថិរភាព និងការបើកទូលាយ​ កម្ពុជា បានក្លាយ​ជាដៃគូប្រកបដោយថាមឋន្ត និងគួរឱ្យទាក់ទាញ។ ទំនាក់ទំនងយើងទាំងពីរ​ បានបន្តរីកលូតលាស់​ និងពង្រីកវិសាលភាព​ភាព​លើ​បណ្តាវិស័យ​ ដូចជា​ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការ​លើវិស័យការពារជាតិ អប់រំ ការអភិរក្សវប្បធម៌ និងទំនាក់ទំនង​រវាងប្រជាជនយើង​ទាំងពីរ”។

លោកស្រី Bridgett Walker ភារៈធារីស្ថានទូតអាម៉េរិក បានលើកឡើងផងដែរថា “គំនិត និងស្មារតី នៃប្រទេសអាម៉េរិក មិន​ត្រឹម​តែបាន​ធ្វើឱ្យប្រទេសខ្ញុំ មានការអភិវឌ្ឍប៉ុណ្ណោះទេ តែថែមទាំងជា​មូលដ្ឋាន​នៃទំនាក់ទំនង​របស់យើង​ជាមួយតំបន់ដទៃទៀត និងពិភពលោកថែម​ទៀតផង។ យើងចង់បានភាពជាដៃគូ និងផ្តល់លទ្ធភាពនិងឱកាសស្មើគ្នា ដែលក្នុងនោះ​មានតម្លាភាព និងភាពត្រឹមត្រូវ”។

លោកស្រី ភារៈធារី បន្ថែមថា​ “ដើម្បីសម្រេចគោលដៅទាំងនេះ លោកអ្នកឃើញ​ជនជាតិអាម៉េរិក ធ្វើការ​នៅក្នុងគ្រប់​វិស័យ និងគ្រប់​ទីកន្លែង ដើម្បីបង្កើត​ទំនាក់ទំនង និងជំរុញភាពជាដៃគូ ឱ្យកាន់តែ​ភាពជ្រាលជ្រៅថែមទៀត”។

(រូបថត៖ លោក សយ សុភា និពន្ធនាយក សារព័ត៌មាន ដើមអម្ពិល (ឆ្វេងទី២) ថតរូបអនុស្សាវរីយ៍ ជាក្រុមតន្ត្រីទ័ព​អាកាសអាមេរិក)

To Top