ភ្នំពេញ ៖ កងកម្លាំងជំនាញ បានកោះហៅប៉ូលីសចរាចរណ៍ និងមន្រ្តីកិច្ចសន្យា៩រូប ដែលឃាត់រថយន្តជនជាតិ ឥណ្ឌូនេស៊ី ១គ្រឿង នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មកសួរនាំបំភ្លឺនៅព្រឹកថ្ងៃ៤ កក្កដានេះ ។

ការកោះហៅមន្រ្តីទាំង៩រូបមកសួរនាំនេះ ក្រោយ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរង ផែនការងារធនធានមនុស្ស នៃស្នងការភ្នំពេញ ។

ជាមួយនឹងការសួរនាំរកហេតុផលផ្សេងៗហើយ សមត្ថកិច្ចក៏កំពុងធ្វើការស្រាវជ្រាវ តាមជំនាញរបស់នគរបាល ប្រមូលព័ត៌មាន ឲ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍រាយការណ៍ លោកស្នងការ ដើម្បីពិនិត្យនិងសម្រេច។

សូមបញ្ជាក់ថា ថ្មីៗនេះមានការផ្សព្វផ្សាយ តាមបណ្តាញព័ត៌មានសង្គម ពីករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី១គ្រឿង ហើយសួរនាំរកឯកសាររថយន្ត ។ នៅពេលនោះជនជាតិឥណ្ឌូនេស៊ី បានបង្ហាញប័ណ្ណបើកបរអាស៑ានរួចហើយ តែប៉ូលីសនៅតែទាមទារ រកឯកសារ ផ្សេងៗ រហូតប៉ូលីសទាមទារលុយ ចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីស មកទាមទារបន្ថែម៤០០០រៀលទៀត ៕


