ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ព្រមទាំងឱ្យលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា និងការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សំដៅធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព។

ការណែនាំបែបនេះ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានលើកឡើងថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីដាក់ផែនការ ក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ពិសេសគឺការបន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) និងការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព។
លោក ឃួង ស្រេង បានបន្តទៀតថា ការងារសព្វបែបយ៉ាង គឺសុទ្ធតែជាការងាររបស់អាជ្ញាធរខណ្ឌ បើយើងបង្ក្រាបមិនបានគ្មាននរណាបង្ក្រាបបានទេ។ រឿងគ្រឿងញៀន អាជ្ញាធរខណ្ឌត្រូវម្ចាស់ការធ្វើរៀងខ្លួន ដើម្បីបង្ក្រាបគ្រឿងញៀន។ ការងារនេះ បើកម្លាំងមិនគ្រប់គ្រាន់ ត្រូវស្នើសុំ។ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នឹងរកថវិកាជួយទ្រទ្រង់ការងារនេះ ដើម្បីប្រតិបត្តិការឱ្យបានសកម្ម។ អាជ្ញាធរខណ្ឌទាំងអស់ ត្រូវរងចាំសហការ ជាមួយកម្លាំងទាំង២ប្រភេទ ក្នុងការបង្ក្រាបគ្រឿងញៀន ។
លោក ឃួង ស្រេង គូសបញ្ជាក់ថា អភិបាលខណ្ឌត្រូវតែនៅជាមួយប្រជាពលរដ្ឋជានិច្ច គ្មានគិតថ្ងៃសៅរ៍ និងអាទិត្យនោះទេ។ គ្រឿងញៀននិងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ជារឿងដែលត្រូវបង្ក្រាបជាប្រចាំ។ ដូច្នេះអាជ្ញាធរ ខណ្ឌទាំង១៤ ត្រូវពិនិត្យតាមខុនដូ និងបុរី ដែលមានការសង្ស័យថា បាននិងកំពុងធ្វើសកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ ។

ក្នុងនោះលោកអភិបាលរាជធានី បញ្ជាក់ថា ការងារខាងលើ គ្រប់ខណ្ឌត្រូវប្រជុំដាក់ផែនការ ទៅឱ្យមេភូមិនិងប្រជាពលរដ្ឋ ដើម្បីឱ្យសហការជាមួយអាជ្ញាធរ។ចាប់ពីពេលនេះតទៅ នឹងបន្តការរឹតបន្តឹងបន្ថែមទៀត លើការបង្ក្រាប ការជក់ស៊ីហ្សា នៅតាមសាលារៀន ត្រូវតែលុបបំបាត់ឱ្យអស់ សិស្សានុសិស្ស ជាទំពាំងស្នងឬស្សី។ ទំពាំង ត្រូវមើលថែឱ្យល្អធំធាត់ ដើម្បីជាធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ។

បន្ថែមពីនេះ លោកអភិបាលរាជធានីភ្នំពេញ ចំពោះអាជ្ញាធរខណ្ឌដែលមានទីតាំងជាកន្លែងសប្បាយភាព ត្រូវចុះពិនិត្យមើលជាប្រចាំ។ ត្រូវយកស្លាកសញ្ញាដាក់ ហាមជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) ទៅបិទតាមហាងនានា នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅហាងបារាំង។

ក្នុងនោះលោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះបញ្ហាគ្រឿងញៀន នៅតែជាបញ្ហាប្រឈម ដោយក្រុមជនល្មើស បានធ្វើសកម្មភាពផ្លាស់ប្តូរគ្រប់រូបភាព ដែលសមត្ថកិច្ចក៏ពិបាកក្នុងការបង្ក្រាប ដូចជាករណីខ្លះការជួញដូរគ្រឿងញៀន រាប់គីឡូក្រាម ពួកគេប្រើរូបភាព ដោយយកគ្រឿងញៀន ទៅដាក់នៅគោលដៅមួយ ហើយពួកគេប្រើឡុកខេសិនប្រាប់ពីទីតាំងនោះ ចំពោះទឹកប្រាក់ទិញគ្រឿងញៀននោះវិញ ពួកគេវេតាមប្រព័ន្ធអនឡាញ៕







