ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច អញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាល ជាមួយបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាល ជាមួយបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារ ARDB ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញសរុបចំនួន ៣១៥នាក់។

នៅក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងបុគ្គលិកសាខាចល័តតាមបណ្តាខេត្ត។

លោកស្រី អ៉ឹង​ ពិសិដ្ឋណាលីន ប្រធាននាយកដ្ឋានធនធានមនុស្សនៃធនាគារ ARDB បានជម្រាបជូនពីភាពរីកចម្រើន របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មលោកស្រីថា ឆ្នាំ២០១៤យើងមានបុគ្គលិកចំនួន ៦៧នាក់ ហើយនៅឆ្នាំ២០២៥​យើងមានបុគ្គលិករហូតដល់ ៣៩៣នាក់។ លោកស្រីលើកឡើងថាការរីកចម្រើននេះអាស្រ័យដោយធនាគារ ARDB មានថ្នាក់ដឹកនាំដែលមានគោលដៅ និងយុទ្ធសាស្រ្តច្បាស់លាស់ រួមនឹងបុគ្គលិកដែលពោរពេញដោយសមត្ថភាព ជំនាញនិងមានភាពទន់ភ្លន់ក្នុងការបំពេញការងារ។

មានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកនាឱកាសនោះ បណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារនិងភារកិច្ចយ៉ាងសកម្ម និងអស់ពីសមត្ថភាពបម្រើដល់ធនាគារ ARDB លោកបណ្ឌិតគូសបញ្ជាក់ថា យ៉ាងណាយើងចង់ឱ្យសំពៀតឥណទានរបស់យើងមានការកើនឡើងរហូតដល់១០០០ លានដុល្លារ។ ហើយលើសពីនេះធនាគារ ARDB ក៏បានចូលរួមក្នុងសកម្មភាពជាលក្ខណៈអន្តរជាតិ និងមានការទទួលស្គាល់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ដែរលោកបណ្ឌិតប្រតិភូសូមលើកទឹកចិត្ត ឲ្យបុគ្គលិកទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពបន្ថែមទៀត ប្រកបដោយគុណធម៌ សីលធម៌ សុជីវធម៌ និងគោរពវិន័យឲ្យបានជាប់ជាប្រចាំផងដែរ ៕

To Top