ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានសោកស្តាយជាខ្លាំងចំពោះករណីបានកើតឡើង លើភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ី ដែលមានការកាក់សួរនាំរកឯកសារ ពីសំណាក់មន្រ្តី នគរបាលចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។

ថ្មីៗនេះ មានការផ្សព្វផ្សាយ តាមបណ្តាញព័ត៌មានសង្គម ករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ១គ្រឿង ហើយសួរនាំរកឯកសាររថយន្ត នៅពេលនោះ ជនជាតិឥណ្ឌូនេស៊ី បានបង្ហាញប័ណ្ណបើកបរអាស៑ាន រួចហើយ តែប៉ូលីស នៅតែទាមទាររកឯកសារផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន ៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម ៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីស មកទាមទារបន្ថែម៤០០០រៀល។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី៤ កក្កដា នេះ ថា «ក្រសួង មានការសោកស្តាយជាខ្លាំង ចំពោះករណី ដែលបានកើតឡើងលើភ្ញៀវ ទេសចរជនជាតិឥណ្ឌូនេស៊ី ដែលមានការសួរនាំរកឯកសារ ពីសំណាក់មន្រ្តីនគរបាលចរាចរណ៍។ ក្រសួងទេសចរណ៍ ក៏សូមថ្លែងអំណរគុណដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានចំណាត់ការលើករណីនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានទាន់ពេលវេលា» ។

ក្រសួង បន្ដថា ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អ និង ឈរលើអភិក្រមជវភាព នៃប្រព័ន្ធតួអង្គតែមួយ មហាគ្រួសារវិស័យទេសចរណ៍ បានអំពាវនាវបងប្អូនទាំងអស់គ្នា ចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងធានាថា «កម្ពុជា ជាគោលដៅទេសចរណ៍ មានសុវត្ថិភាព និង ផ្តល់ភាពកក់ក្តៅ សម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ»។

សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកោះហៅមន្ដ្រី នគរបាលចរាចរណ៍ និងមន្ដ្រីកិច្ចសន្យា សរុបចំនួន ៩នាក់ នៅគោលដៅស្ដុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មកធ្វើការសួរនាំ និងឆ្លើយបំភ្លឺករណី ឃាត់រថយន្ដជនជាតិឥណ្ឌូនេស៊ី ផងដែរ៕

