ព័ត៌មានជាតិ

ក្រសួងការងារ និងក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd ចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា ផ្ដោតលើការអប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈ

ភ្នំពេញ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងគុណភាព នៃកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ការផ្លាស់ប្តូរបទពិសោធផ្នែកអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Wu Yong (វ៉ូ យ៉ុង) ប្រធានក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ការចុះអនុស្សរណៈ នៃការយោគយល់គ្នានាពេលនេះ ផ្ដោតសំខាន់លើការពង្រឹង កម្មវិធីអប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែស៊ីជម្រៅថែមទៀត ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖«ក្នុងនាមក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ យើងស្វាគមន៍ចំពោះក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd ដែលគ្រោងបញ្ជូនគ្រូជំនាញភាសាចិន មកជួយបណ្ដុះបណ្ដាលសិក្ខាកាមនៅកម្ពុជា ដើម្បីឱ្យមានចំណេះដឹងខាងភាសាចិន បន្ថែមលើមុខវិជ្ជាស្នូលរបស់សិក្ខាកាម សម្រាប់ប្រាស្រ័យទាក់ទងជាមួយនិយោជកចិន»។

លោក Wu Yong (វ៉ូ យ៉ុង) ប្រធានក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd បានថ្លែងថា ក្រុមហ៊ុនរបស់លោកពិត ជាមានមោទនភាព ដែលទទួលបានកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការបង្រៀនភាសាចិន និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដទៃទៀត ដល់សិក្ខាកាមនៅកម្ពុជា។

លោកបន្តថា ក្រុមហ៊ុនមានបទពិសោធគ្រប់គ្រាន់ ដើម្បីចែករំលែកចំណេះដឹងទាក់ទងភាសាចិន ជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និងគំនិតច្នៃប្រឌិតថ្មីៗ ផ្សេងទៀតឱ្យស្របទៅតាមបរិបទ សកលលោកបច្ចុបុ្បន្ន៕

To Top