ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា បានធ្វើការបណ្តេញជនជាតិវៀតណាមចំនួន ៣៨នាក់ (ស្រី១១នាក់) ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា អនុតាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣៨នាក់ (ស្រី១១នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី បំពានប្រកាសស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចឆ្លងដែនខុសច្បាប់ អនុវត្តទោសចប់ (បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន)។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត នៃអគ្គនាយកអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
