កំពង់ស្ពឺ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងការងារនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានជោគជ័យក្នុងជីវិត។ ការណ៍នេះធ្វើឡើង គ្រាដែលចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា គោលបំណងនៃកម្មវិធីនេះគឺដើម្បីលើកទឹកចិត្តដល់កុមារអោយប្រឹងប្រែងរៀនសូត្រពីតូច ជាពិសេសហាត់ពត់លត់ដំឱ្យមានឥរិយាបថវិជ្ជមាន(ការគិត ការជឿ និង ការធ្វើ) សម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលនឹងជួយដល់កុមារនៅថ្ងៃអនាគត។

លោកថា កូនៗត្រូវចាំថាចូរកុំយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រទាំងអស់គ្នាដើម្បីអនាគតកូនៗផ្ទាល់ និងអនាគតប្រទេសជាតិយើង។នេះជាលើកទី១៧ហើយដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើងជាមួយនិងក្តីរំភើបដែលបានឃើញកូនៗលូតលាស់និងមានសមត្ថភាព ហើយបានបន្តមកជួយកូនៗផផ្សេងទៀតនៅក្នុងអង្គការផ្ទះបាយកុមារ។ប៉ាពិតជាសប្បាយចិត្តដែលបានមកសួរសុខទុក្ខកូនៗនៅអង្គការផ្ទះបាយកកុមារនាព្រឹកនេះ។

លើកឡើងនៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះសប្បុរសជន សមាជិក សមាជិកា ស.ស.យ.ក. ក្រុមការងារប៉ាម៉ានី ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រ និងលះបង់ពេលវេលាផ្ទាល់ខ្លួន ជួយសម្របសម្រួលនិងចូលរួមចែករំលែកក្ដីស្រលាញ់ដល់កូនៗនិងអរគុណចំពោះអង្គការផ្ទះបាយកុមារដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការដ៏ប្រពៃមួយនេះជួយដល់កុមារដែលជួបការលំបាកនិងខ្វះខាត។ យើងបានធ្វើការជាមួយគ្នាជាច្រើនឆ្នាំនិងបានឆ្លងកាត់អនុស្សាវរីយ៍ល្អៗជាមួយគ្នាជាច្រើន។ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានបញ្ជាក់ផងដែរថាថ្ងៃនេះមិនមែនជាថ្ងៃចុងក្រោយដែលប៉ាមកលេងកូនៗនោះទេ នៅប៉ុន្មានខែទៀត យើងនឹងជួបជុំគ្នាម្តងទៀតដើម្បីអបអរសាទរបុណ្យណណូអែលដូចដែលពួកយយើងតែងធ្វើជាមួយគ្នាជារៀងរាល់ឆ្នាំ ៕
ដោយ៖ សុខ សុភ័ណ្ឌ រូបថតមន្ទីរព័ត៌មាន
