ព្រៃវែង៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ អមដោយលោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំខេត្ត មន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ខេត្តព្រៃវែងដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ៨ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណជិត ១ម៉ឺនកន្លែង។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការនាំយកក្រុមហ៊ុនធំៗចុះតាមខេត្តនេះ គឺជាអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថាពលករដែលបានត្រឡប់មកវិញ ទទួលបានឱកាសការងារគ្រប់ៗគ្នា ខណៈពេលដែលតម្រូវការកម្លាំងពលកម្មសរុបមានចំនួនជាង ២៥ម៉ឺនកន្លែង។

លោករដ្ឋមន្ត្រីបានបន្ថែមថា ការចុះផ្សព្វផ្សាយដល់មូលដ្ឋានផ្ទាល់នេះ គឺជាយន្តការនៃការយកចិត្តទុកដាក់បន្ថែមទៀតដើម្បីធានាថាពលករដែលទើបត្រឡប់ពីប្រទេសថៃមានការងារគ្រប់ៗគ្នាខណៈដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយស្តីពីឱកាសការងារម្តងរួចមកហើយនៅតាមមណ្ឌលសំចត ឬកន្លែងទទួលពលករ និងនៅតាមច្រកទ្វារអន្តរជាតិពេលដែលប្រជាពលរដ្ឋបានឆ្លងកាត់។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានផ្តើមបើកវេទិកានៅតាមបណ្ដាខេត្តធំៗចំនួន ៥រួមមាន ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង ដើម្បីធានាថាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញមានការងារធ្វើភ្លាមៗ ខណៈដែលកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ២៥ម៉ឺនកន្លែងនៅទូទាំងប្រទេស៕





