ព័ត៌មានជាតិ

កម្ពុជារំលឹកថៃ ឲ្យគោរពកិច្ចសន្យាផ្ដល់ វត្ថុបុរាណខ្មែរ២០ដុំ ត្រឡប់មកកម្ពុជាវិញ ដែលបានព្រមព្រៀងគ្នាកន្លងមក

ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៍និងវិចិត្រសិល្បៈ បានរំលឹកទៅកាន់ភាគីថៃ ដែលមានលោកស្រី ផែ ថងថាន ស៊ីណាវ៉ាត់ត្រា ជារដ្ឋមន្រ្តីក្រសួងវប្បធម៍ថៃ ឲ្យគោរពកិច្ចសន្យាផ្ដល់ វត្ថុបុរាណខ្មែរ២០ដុំ ត្រឡប់មកកម្ពុជាវិញ ដែលបានព្រមព្រៀងគ្នាកន្លងមក។

តាមរយៈលិខិតចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រី ភឿង សកុណា បានកត់សម្គាល់ដោយយកចិត្តទុកដាក់ខ្ពស់លើ ការលើកឡើងរបស់លោកស្រី ផែ ថងថាន ស៊ីណាវ៉ាត់ត្រា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ អំពីការផ្អាកបញ្ជូនវត្ថុបុរាណខ្មែរទាំង២០ដុំ ដោយយោង លើហេតុផលនៃការខ្វះថវិកាដឹកជញ្ជូន។

លោកស្រី ភឿង សកុណា រំឭកជូនលោកស្រី មេត្តាជ្រាបថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់លោកស្រី ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) បានប្រកាសរួមគ្នា ឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ ដែលជាមរតក ដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកកម្ពុជាវិញ។

លោកស្រីរដ្ឋមន្រ្តី បញ្ជាក់ថា កាលបរិច្ឆេទប្រគល់-ទទួលផ្លូវការ និងនីតិវិធីនានា ត្រូវបានក្រុមការងារបច្ចេកទេស នៃក្រសួងទាំងពីរ ឯកភាពរួចហើយ ដោយការរៀបចំពិធីប្រគល់-ទទួល នឹងធ្វើនៅទីក្រុងបាងកក ខែកក្កដា ឆ្នាំ២០២៥នេះ ហើយការដឹកជញ្ជូន ពីប្រទេសថៃមកប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៥នេះ ដោយរាល់ចំណាយនៃការដឹក ជញ្ជូនជាបន្ទុករបស់កម្ពុជា ដែលពុំពាក់ព័ន្ធនឹងបន្ទុកថវិកាណាមួយរបស់ក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃឡើយ។

អាស្រ័យហេតុនេះ លោកស្រី ភឿង សកុណា ស្នើសុំឱ្យក្រសួងវប្បធម៌ថៃ អនុវត្តទៅតាមកិច្ចព្រមព្រៀងនិងពេលវេលា ដែលបានកំណត់ ចៀសវាងការអូសបន្លាយពេលវេលា តទៅមុខទៀត។ ភាគីកម្ពុជានឹងទទួលរ៉ាប់រងទាំងស្រុងនូវរាល់ការ ចំណាយពាក់ព័ន្ធនឹងការដឹកជញ្ជូននេះមកវិញ៕

To Top