ភ្នំពេញ៖ ក្រោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា លោក ហ្សាក់ ប៉ែលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាច្រើនរវាងបារាំង និងកម្ពុជា បានបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេសទាំងពីរ។

ការគូសបញ្ជាក់របស់ឯកអគ្គរដ្ឋទូតចប់អាណត្តិបារាំង ខាងលើនេះ ធ្វើឡើងក្នុងឱកាស ចូលជួបសម្តែងការគួរសម និងជម្រាបលា ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។
ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា ខណៈដែលលោកបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ក្នុងនោះ លោកទូត បានបង្ហាញនូវសេចក្តីសប្បាយរីករាយ ដែលបានធ្វើជាតំណាង នៃសាធារណរដ្ឋបារាំង មកបំពេញបេសកកម្មការទូត ប្រចាំកម្ពុជា ខណៈដែលកាន់តែពិសេសនោះ គឺថា កម្ពុជា ជាប្រទេសដំបូងបំផុត ដែលលោកបានចាប់ផ្តើមការងារការទូត និងជាប្រទេសចុងក្រោយ ដែលលោកបញ្ចប់ការងារការទូតនេះ។

លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ ជូនចំពោះសម្ដេចបវរធិបតី ដែលបានអញ្ជើញចូលរួម ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង កាលពីខែមិថុនា កន្លងនេះ។

បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការ ជាច្រើនរវាងបារាំង និងកម្ពុជា ដែលនេះបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះ លើវិស័យសំខាន់ៗ ជាច្រើន រួមមាន ៖ វិស័យសន្តិសុខ និងការពារជាតិ, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ធនធានទឹក, ការផ្គត់ផ្គង់ទឹកស្អាត, វប្បធម៌, អប់រំ, និងសុខាភិបាល។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះ លោកឯកអគ្គរដ្ឋទូត និង សហការី និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែក ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំពីរ។

សម្ដេចធិបតី ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនង រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន នៃប្រទេសទាំងពីរ។

សម្ដេចធិបតី បានអរគុណចំពោះការគាំទ្ររបស់បារាំង ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន នាពេលកន្លងមក និងបានគូសបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ៕
