ព័ត៌មានជាតិ

ទូតទីម័រឡេស្ដេចប់អាណត្តិ ៖ ជោគជ័យ​ក្នុងការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ​នឹងអាចជាមេរៀន សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចទីម័រឡេស្ដេ

ភ្នំពេញ ៖ លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្ដេ ប្រចាំកម្ពុជា​ បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា លោកបានសិក្សារៀនសូត្រ ពីបទពិសោធន៍ជោគជ័យ​ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលទាំងនេះនឹងអាចជាមេរៀន និងឧត្តមានុវត្តន៍ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទីម័រឡេស្ដេ ។

ការថ្លែងគូសបញ្ជាក់របស់ លោកឯកអគ្គរដ្ឋទូតទីម័រឡេស្ដេខាងលើនេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបលា​ ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥​ នៅវិមានសន្ដិភាព មុននឹងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្ដេ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ​ចំពោះការអភិវឌ្ឍរីកចម្រើន​ ដ៏ឆាប់រហ័ស លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា។

លោកបានគូសបញ្ជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា លោកបានសិក្សារៀនសូត្រ ពីបទពិសោធន៍ជោគជ័យ​ ក្នុងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា ដែលទាំងនេះនឹងអាចជាមេរៀន និងឧត្តមានុវត្តន៍ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទីម័រឡេស្ដេ ។

លោកក៏បានបង្ហាញអំពីជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចធិបតី នឹងធ្វើឱ្យកម្ពុជាបន្តសម្រេចបាន នូវការអភិវឌ្ឍរីកចម្រើន និងអាចដោះស្រាយបញ្ហាប្រឈមនានា ដោយជោគជ័យ។

លោកក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំរូវីរភាពដឹកនាំប្រទេស របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់កម្ពុជា ជាពិសេស ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ ដែលបានចលនាបណ្ដាប្រទេសជាសមាជិកអាស៊ាន ឱ្យឯកភាពជាគោលការណ៍ ក្នុងការអនុញ្ញាតឱ្យទីម័រឡេស្ដេ បានក្លាយជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន។ បើពុំមានការគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន នោះទេ មកដល់ពេលនេះ, ទីម័រឡេស្ដេ​ ក៏នឹងមិនអាចក្លាយជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន នាពេលខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ ចំពោះលោកឯកអគ្គរដ្ឋទូតទីម័រឡេស្ដេ និងសហការី និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោក ដែលបានចូលរួមចំណែកក្នុងការពង្រឹង និង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ទីម័រឡេស្ដេ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ ទីម័រឡេស្ដេ ដែលនឹងក្លាយទៅជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

បន្ថែមពីនោះ សម្ដេចធិបតី​​ ក៏បានអរគុណរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ ដែលបានទទួលស្វាគមន៍ សម្ដេចតេជោ យ៉ាងកក់ក្ដៅបំផុត ក្នុងឱកាសដែលសម្ដេចអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ និងបានគូសបញ្ជាក់ជាថ្មីថា កម្ពុជា នឹងបន្តគាំទ្រទីម័រឡេស្ដេ ក្នុងនាមជាសមាជិកអាស៊ាន។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងទីម័រឡេស្ដេ នៅមានសក្កានុពលជាច្រើនទៀត ក្នុងការជំរុញការពង្រឹង និពង្រីកកិច្ចសហប្រតិបត្តិការ ហើយកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការផ្ដល់ការគាំទ្រនានា ក៏ដូចជាការជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កម្ពុជា-ទីម័រឡេស្ដេ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត៕

To Top