ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាបានណែនាំដល់ថ្នាក់ក្រោមជាតិ ត្រូវធ្វើការពិនិត្យឲ្យបានច្បាស់លាស់ លើការជ្រើសរើសគ្រូបង្រៀន ទៅតាមនិយាម ខណៈបច្ចុប្បន្នកម្ពុជាក៏មិនខ្វះធនធានមនុស្សនោះដែរ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ សម្តេចធិបតីបានមានប្រសាសន៍ថា ត្រូវខិតខំធ្វើយ៉ាងណាដើម្បីជ្រើសរើស គ្រូបង្រៀនមាននិយាមច្បាស់លាស់ ព្រោះកាលណាមាននិយាមច្បាស់ហើយ ការបង្រៀនក៏មានគុណភាពនិងប្រសិទ្ធភាពខ្ពស់ផងដែរ ។
សម្តេចធិបតីមានប្រសាសន៍សង្កត់ធ្ងន់ថា “ជំនាញផ្សេងៗ ការិយាល័យផ្សេងៗ ក្រៅពីគ្រូបង្រៀនប្រគល់សិទ្ធិទៅវិមជ្ឈការចុះ ។ ប៉ុន្តែគ្រូបង្រៀនមួយយ៉ាងហោចណាស់ក៏ត្រូវមានមន្ទីរ គ្រូកិច្ចសន្យាក៏ដោយ ដើម្បីធានាថា ពួកគាត់ត្រូវបានជ្រើសរើសទៅតាមនិយាមច្បាស់លាស់ ។ យើងទទួលស្គាល់ថា អ្នកនៅតាមខេត្ត តាមស្រុកពិបាករកអ្នកដូចនៅភ្នំពេញណាស់ ទៅមិនរួចពិបាកណាស់ ប៉ុន្តែយើងក៏មិនត្រូវឆិនឆៃទាំងស្រុងនោះដែរទេ” ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី គូសបញ្ជាក់ទៀតថា គុណភាពអប់រំដែលសំខាន់គឺគ្រូបង្រៀន ទោះបីជាមានសម្ភារៈឧបទេសគ្រប់គ្រាន់នៅក្នុងសាលារៀនក៏ដោយ ប៉ុន្ដែបើមានកង្វះខាតនូវគុណវុឌ្ឍិគ្រូបង្រៀន ក៏មិនអាចផ្ដល់ការអប់រំដល់សិស្សបានដែរ ។ ដូច្នេះរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិនេះ បានបន្តវិនិយោគលើការបណ្ដុះបណ្ដាលគុណវុឌ្ឍិគ្រូបង្រៀន។
បន្ថែមពីលើទៀតសម្ដេចធិបតីបញ្ជាក់ទៀតថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលគឺចង់ឲ្យគ្រប់សាលារៀនទាំងអស់ មានបំពាក់ឧបករណ៍សិក្សារៀនសូត្រទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្ស ព្រោះបច្ចុប្បន្នសាលារៀនភាគច្រើន ក៏មានការបំពាក់សម្ភារៈសិក្សាទំនើប និងមានការច្នៃប្រឌិតរួចហើយដែរ ៕
