ភ្នំពេញ ៖ នៅថ្ងៃទី៦-៨ ខែកក្កដា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ASAIHL 2025 (សមាគមគ្រឹះស្ថានឧត្តមសិក្សាប្រជាជាតិអាស៊ីអាគ្នេយ៍ – The Association of Southeast Asian Institution of Higher Learning) លើប្រធានបទ “ឌីជីថលនីយកម្ម ក្នុងការអប់រំឧត្តមសិក្សា-Digitalization in Higher Education” ដែលពិធីបើកបានប្រព្រឹត្តទៅ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ តំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងពិធីបិទ បានប្រព្រឹត្តទៅ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានី ភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ។ សន្និសីទអន្តរជាតិនេះ មានការអញ្ជើញចូលរួម និងធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស និងអ្នកស្រាវជ្រាវ មកពី ៤៦សាកលវិទ្យាល័យ នៃ ១៧ប្រទេសជុំវិញពិភពលោក ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតប៊ែលធី សរុបចំនួន ១,៥២៥នាក់ ។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា ASAIHL គឺជាសន្និសីទស្រាវជ្រាវលក្ខណៈអន្តរជាតិ ដែលតែងតែរៀបចំឡើង ២លើកក្នុង១ឆ្នាំ និង មានសមាជិកចំនួន ២៤៦គ្រឹះស្ថានឧត្តមសិក្សា មកពី ២៦ប្រទេស ។ សម្រាប់ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកិត្តិយស ត្រូវបានសមាគមជ្រើសរើសជាម្ចាស់ផ្ទះ ដើម្បីរៀបចំសន្និសីទរបស់សមាគម ។ សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានានា នៅឯក្រៅប្រទេស ដែលជាសមាជិកសមាគម ជាពិសេស ដើម្បីរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា ក៏ដូចជាវិស័យសិក្សាស្រាវជ្រាវ ឱ្យមានការទទួលស្គាល់ជាអន្តរជាតិ តាមរយៈ ៦ ចំណុចសំខាន់ៗ ៖

១-ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗ របស់កម្ពុជាទៅកាន់ពិភពលោក ។
២-ជំរុញការផ្លាស់ប្តូរគំនិត យោលបល់ និងការរៀនសូត្រពីគ្នា រវាងអ្នកស្រាវជ្រាវមកពីវិស័យ និង ជំនាញផ្សេងៗ ។
៣-បង្កើតវេទិកាទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអ្នកស្រាវជ្រាវក្នុងគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។
៤-បង្ហាញស្នាដៃស្រាវជ្រាវ ដែលមានគុណភាពខ្ពស់ វិធីសាស្ត្រស្រាវជ្រាវ និងលទ្ធផលស្រាវជ្រាវសំខាន់ៗ ដើម្បីលើកទឹកចិត្ត និងផ្សព្វផ្សាយ សកម្មភាពស្រាវជ្រាវ ឱ្យកាន់តែប្រសើរឡើង ។
៥-ស្វែងយល់ពីបញ្ហាទូទៅ ចំណុចខ្វះខាត និងឱកាសក្នុងការស្រាវជ្រាវ និងពិភាក្សាអំពីយុទ្ធសាស្ត្រ ដែលអាចដោះស្រាយបានយ៉ាងមានប្រសិទ្ធភាព។
៦-ចែករំលែកនូវវិធីសាស្រ្ត បច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ដែលអាចជំរុញវឌ្ឍនភាព ក្នុងវិស័យផ្សេងៗ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
៧-គាំទ្រយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរួមចំណែកពង្រឹងប្រព័ន្ធអប់រំ និងការអភិវឌ្ឍមូលធនមនុស្ស ក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរ- ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់អាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។

លោកបណ្ឌិត បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ នៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួម សន្និសីទដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែកស្នាដៃស្រាវជ្រាវ និងចំណេះដឹងល្អៗជូនដល់សិស្ស-និស្សិតកម្ពុជា ។ លោកបណ្ឌិត បានបន្ថែមថា សន្និសីទនេះបានរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើនមូលធនមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជា ក្នុងយុគសម័យបដិវត្តន៍ ឧស្សាហកម្មទី៤ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ។

ថ្លែងក្នុងពិធីបើក លោកបណ្ឌិត សាន វឌ្ឍនា បានកោតសរសើរ ចំពោះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិ ASAIHL 2025 នេះ ដែលជាការរួមចំណែកយ៉ាងធំធេង របស់សាកលវិទ្យាល័យ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសបង្កើនកិត្យានុភាព ជាតិនៅលើឆាកអន្តរជាតិ ។

លោកបណ្ឌិតរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បរិវត្តកម្មឌីជីថលនៅថ្នាក់ឧត្តមសិក្សា គឺជាបញ្ហាដែលយើង ត្រូវឆ្លើយតបឱ្យបានលឿន និងល្អបំផុត ។ វាមិនមែនគ្រាន់តែជាការប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ។ ប៉ុន្តែ វាត្រូវទាមទារនូវការកំណត់អត្តសញ្ញាណច្បាស់លាស់ គ្រប់ជ្រុងជ្រោយនិងយល់ច្បាស់ អំពីគោលបំណង នៃស្ថាប័នរបស់យើង ។ លោកបណ្ឌិត ក៏បានលើកឡើងនូវតួនាទីដ៏សំខាន់ចំនួន ៥ របស់គ្រឹះស្ថានឧត្តមសិក្សា ដែលយើងត្រូវគិត ពិចារណា ជាអាទិ៍ ១-សាកលវិទ្យាល័យជាមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរដែលមិនចេះរីងស្ងួត ២-សាកលវិទ្យាល័យ ជាស្ថាបត្យករនៃសេវាកម្ម និងទីផ្សារ នាពេលអនាគត ៣-សាកលវិទ្យាល័យ ជាអ្នកដោះស្រាយភាពស្មុគស្មាញនៃសង្គម ៤-សាកលវិទ្យាល័យ ជាមជ្ឈមណ្ឌល នៃឧត្តមភាព សម្រាប់សមាហរណកម្មឌីជីថល និង ៥-សាកលវិទ្យាល័យ ជាវេទិកា សម្រាប់ការរៀន តាមបែបសម័យទំនើប និងជាគំរូអាជីវកម្ម ។

សន្និសីទអន្តរជាតិ ASAIHL 2025 រយៈពេលបីថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន ព្រមទាំងទទួលបានជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ជាច្រើនគួរជាទីមោទនៈសម្រាប់ប៊ែលធី គ្រុប ក៏ដូចជាវិស័យអប់រំនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ផងដែរ ៕

















