ខេត្តសៀមរាប ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលពីរដ្ឋបាល ស្រុកបន្ទាយស្រី និង សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសចិនមកពីមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន បានសហការជាមួយក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព ស្រុកបន្ទាយស្រី រៀបចំកម្មវិធីពិនិត្យសុខភាពបេះដូងជូនកុមារនៅ តាមសាលាបឋមសិក្សានានាក្នុងស្រុកបន្ទាយស្រី ។

លោក ងន ប៊ុនធី អភិបាលរងស្រុបន្ទាយស្រី បានបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងស្វែងរកកុមារអាយុក្រោម១៤ឆ្នាំដែលជំងឺបេះដូងពីកំណើត ដើម្បីទទួលយកការព្យាបាលដោយឥតគិតថ្លៃទាំងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ទាំងនៅមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន។ លោកអភិបាលរងស្រុក បានបន្ថែមថា ចាប់ពីឆ្នាំ២០១៩មក ក្រោមកិច្ចសហការរវាងរដ្ឋបាលស្រុកបន្ទាយស្រី ជាមួយអង្គការYUNDIខេត្តយូណាន មូលនិធិចិនPEACELAND និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សកម្មភាពចុះពិនិត្យសុខភាព នៅតាមសាលាបឋមសិក្សានេះ បានរៀបចំជាទៀងទាត់រៀងរាល់ឆ្នាំ លើកលែងក្នុងអំឡុងពេល នៃវិបត្តិជំងឺCovid-១៩ ពីឆ្នាំ២០២០-២០២៣ ដោយសរុបមកទល់ពេលនេះ មានកុមារចំនួន៧រូបនៅក្នុងស្រុកបន្ទាយស្រី ត្រូវបានជាសះស្បើយទាំងស្រុងពីជំងឺបេះដូង ពីកំណើតក្រោយ ទទួលបានការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន។ លោកបានវាយតម្លៃថា សកម្មភាពនេះបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងផ្នែកវេជ្ជសាស្រ្ត និងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរកាន់តែខ្លាំងក្លាបន្ថែមទៀត។

លោកវេជ្ជបណ្ឌិត សាក់ សុភ័ក្រ ប្រធានមណ្ឌលសុខភាព ស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា ការពិនិត្យសុខភាពបេះដូង តាមរយៈការត្រួតពិនិត្យអេកូបេះដូង មិនត្រឹមគូសរំលេចពីទំនើបកម្ម ផ្នែកសម្ភារៈនិងបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងជាការផ្តល់នូវបទពិសោធន៍ វេជ្ជសាស្រ្តកាន់តែច្រើនដល់គ្រូពេទ្យកម្ពុជា និងការចាក់បញ្ចូលនូវទំនាក់ទំនងនៃការផ្ទេរពុទ្ធិកាន់តែប្រសើររវាងក្រុមគ្រូពេទ្យនៃប្រទេសយើងទាំងពីរ។

លោក Lu Jiang តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន បានមានប្រសាសន៍ថា ដោយមានគ្រូពេទ្យឯកទេស ជំងឺបេះដូង ពីប្រទេសចិនចំនួន១៤រូបមកពីបណ្តាមន្ទីរពេទ្យនានា ក្នុងប្រទេសចិន បានជំរុញល្បឿន នៃការពិនិត្យសុខភាពបេះដូង ជូនកុមារកម្ពុជា ក្នុង១ថ្ងៃនេះបានចំនួន ១៣៤២ នាក់ ក្នុងនោះយើងរកឃើញកុមារចំនួន១នាក់ ដែលនឹងត្រូវបញ្ជូនទៅវះកាត់ និងព្យាបាលដោយ ឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។ បន្ថែមពីលើនេះ លោកក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គពាក់ព័ន្ធនានា ដែលបានជួយសម្របសម្រួល នាំឱ្យសកម្មភាពនាឆ្នាំនេះទទួល បានការចូលរួមដោយផ្ទាល់ពីអង្គការ សហប្រជាជាតិ និងបណ្តា ប្រទេសមួយចំនួនថែមទៀត ព្រមទាំងឯកភាពរៀបចំសន្និសីទរួមគ្នានៅរាជធានីភ្នំពេញ ក្រោមកិច្ចសម្របសម្រួល ពីអង្គការសហប្រជាជាតិថែមទៀត។

លោក Liu Wenzhi តំណាងមូលនិធិចិនPeaceland បានសាទរនឹងជោគជ័យ នៃការវះកាត់និងព្យាបាលជំងឺបេះដូង ពីកំណើតជូនដល់កុមារកម្ពុជា ចំនួន១២២រូបកន្លងមក ហើយលោកក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អរវាងគ្រប់អង្គពាក់ព័ន្ធទាំងអស់ ក្នុងការជួយសង្គ្រោះជីវិត កុមារកម្ពុជា ពីជំងឺបេះដូងពីកំណើត ហើយមូលនិធិចិនPeacelandនឹងបន្តសកម្មភាពមនុស្សធម៌នេះបន្ថែមទៀត ដើម្បីធ្វើទំនើបកម្មសម្ភារវះកាត់និងព្យាបាលជំងឺបេះដូង ពីកំណើតនេះ តាមរយៈការផ្តល់អំណោយរថយន្តពេទ្យចល័តមួយគ្រឿង មកសមាគមមិត្តភាពកម្ពុជា-ចិន នាចុងខែកក្កដា ឆ្នាំ២០២៥នេះ។

ក្នុងនាមគ្រួសារដែលកូន របស់ខ្លួនជាសះស្បើយពីជំងឺបេះដូងពីកំណើតក្រោយទទួលបានការវះកាត់ និងព្យាបាលនៅមន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន ប្រទេសចិន លោកស្រី ម៉ន សាម៉ុន បានរៀបរាប់ថា កូនស្រីរបស់លោកស្រី ជាក្មេងទី១២២ដែលបានជាសះស្បើយពីជំងឺបេះដូង ពីកំណើតនេះ បានផ្តល់ក្តីសង្ឃឹម និងជីវិតថ្មីដល់កូនរបស់លោកស្រី ហើយក៏ជាគុណបំណាច់ដ៏ថ្លៃថ្លា នៃកិច្ចសហការយ៉ាងល្អប្រសើរ រវាងក្រុមគ្រូពេទ្យកម្ពុជា-ចិន ក្រោមទម្រដ៏រឹងមាំ នៃមិត្តភាពដែកថែប រវាងប្រទេសយើងទាំងពីរ ។ លោកស្រី បន្ថែមថា ប្រសិនជាមិនមានកម្មវិធីចុះមកពិនិត្យ សុខភាពបេះដូង ជូនកុមារនៅកម្ពុជាទេ ច្បាស់ណាស់ថា សុខភាពកូនរបស់លោកស្រីមិនដឹង ជាត្រូវប្រឈមមុខបែបណានោះទេ។ លោកស្រីក៏បានចាត់ទុកថា កម្មវិធីពិនិត្យសុខភាពបេះដូង ជូនកុមារនៅតាមសាលាបឋមសិក្សាតាមរយៈក្រុមគ្រូពេទ្យកម្ពុជា-ចិន គឺជាស្ពាននៃក្តីសង្ឃឹម និងអនាគតដ៏ប្រពៃ របស់កុមារកម្ពុជា៕


