ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ?

ភ្នំពេញ៖ ឆ្លើយតបទៅនឹងប៉ូលិសនិងតុលាការថៃ ដែលបានភ្ជាប់ឈ្មោះសម្ដេចជាមួយលោក កុក អាន ជុំវិញការចោទប្រកាន់ពាក់ព័ន្ធបទល្មើសអនឡាញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ?។

សម្ដេចថា លោក ថាក់ ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយសម្ដេចជិតសិទ្ធរហូតមានបន្ទប់ដេក នៅផ្ទះរបស់សម្ដេចទៀតផង។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងឡើងថា ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង ! សម្ដេចតេជោពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីរបស់ខ្លួន។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែនទុករហូតដល់ពេលនេះ ទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវលំហូបទល្មើសដែលកើតចេញពីចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃ តែម្តង។

សម្ដេចបន្ថែមថា ចំពោះមតិលើកឡើងមានទាំងអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ និយាយថា ការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្ស ជិតសិទ្ធជាមួយ ហ៊ុន សែន ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើលោក ថាក់ ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា ថាក់ ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំ ជិតសិទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់សម្ដេចទៀតផង។

សម្ដេចលើកឡើងថា ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ?៕

To Top