ពោធិ៍សាត់÷ លោក ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៥នេះបានអញ្ជើញ ចុះពិនិត្យការដ្ឋាន សាងសង់ទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ពេលនេះ សម្រេចបាន ៣០%ហើយនិងឈានទៅបញ្ចប់ការសាងសង់នៅបំណាច់ឆ្នាំ ២០២៧ ដែលអាចមានលទ្ធភាព ស្តុបទឹកបាន ៨០០ លានម៉ែត្រគូប។

ក្នុងពេលចុះពិនិត្យវឌ្ឍនភាពនោះ លោកខូយ រីដា ក៍បានដាក់ចេញ នូវបទបញ្ជា យ៉ាងមុឺងម៉ាត់ ដល់ក្រុមហ៊ុនសាង សង់ផ្លូវរួម ទាំងកងកម្លាំង ប្រដាប់អាវុធ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានត្រូវ ចូលរួមបង្ការទប់ស្កាត់ នូវរាល់បទល្មើស ធនធានធម្មជាតិដូចជាការរុករាន កាប់ឆ្ការព្រៃឈើខុសច្បាប់ ការដុតបំផ្លាញព្រៃឈើ ដែលបង្កអោយឆេះរាលដាលជាដើម ។ល។ លោកអភិបាលខេត្តក៍បានមានប្រសាសន៍បន្តថា ដើម្បីអនុវត្តន៍កិច្ចការនេះអោយបាន យើងត្រូវដាក់ប៉ុស្តិ៍ត្រួតពិនិត្យ នូវរាល់ការចេញចូលដោយគ្មានការអនុញ្ញាតិក្នុងគោលបំណងតែមួយគត់គឺកុំអោយជនឆ្លៀតឪកាសចូលទៅកាប់ឆ្ការ រុករាន ទន្រ្ទានយកដីព្រៃដើម្បីធ្វើជាកម្មសិទ្ធិ និង ធ្វើសកម្មភាពផ្សេងៗនៅក្នុងតំបន់ទំនប់ទី២នេះជាដាច់ខាត។ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៍សង្ឃឹម និងជឿជាក់ថា ក្រុមហ៊ុនក៍ដូចជាអាជ្ញាធរដែនដី និង កម្លាំងមានសមត្ថកិច្ចទាំងអស់ ពិតជាអនុវត្តន៍កិច្ចការនេះប្រកបដោយការទទួលខុសត្រូវនិងប្រសិទ្ធិភាពខ្ពស់។
ពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ទំនប់ស្ទាក់ទឹកទី២នេះដែរ លោកអភិបាលខេត្តក៍បានអោយដឹងថា រាជរដ្ឋាភិបាលអាណត្តិទី៦និងបន្ត ដោយរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តពោធិ៍សាត់ដំណាក់កាលដំបូង បានទទួលនូវសមិទ្ធិផលថ្មីមួយទៀត គឺទំនប់ស្ទាក់ទឹក ដែលអាចមានលទ្ធភាព ស្តុបទឹកបានជាង ៨០០ លានម៉ែត្រគូប អនុវត្តគម្រោងដោយ ក្រសួងធនធានទឹក ។ គម្រោងនេះក្រុមការងារ បានចាប់ផ្តើមការអនុវត្តត្រួសត្រាយផ្លូវចូលនៅដើមខែ កុម្ភះ ឆ្នាំ ២០២៥ ដោយគិតចាប់ពីចំណុច ផ្លូវបំបែកទំនប់លេខ៣រហូតដល់ទីតាំងគម្រោងសាងសង់ទំនប់លេខ២ត្រង់ចំនុចអូរដារស្ទឹងអារ៉ៃ ក្នុងភូមិសាស្ត្រឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដែលមានប្រវែង ១២ គីឡូម៉ែត្រគិតមកដល់ពេលនេះ បានត្រួសត្រាយផ្លូវចូលរួចរាល់ ១០០ %ហើយ៕
